ខេត្តព្រៃវែង ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី រួមជាមួយលោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅសមរភូមិមុខការពារ ទឹកដី និងមាតុភូមិ ដែលពិធីនេះប្រារព្ធធ្វើនៅទួលបារាយណ៍អណ្តែត(ទួលអស់លោក) ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញ ខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំង១៣ ប្រធានសភាព ពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្ត នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត និងក្រុមការងារ សាលាខេត្ត សរុបចំនួន ១០៥រូប។
ពិធីដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បានរួមគ្នាសំពះបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមឱ្យទេវតា និងអង្គអ្នកតាថែរក្សាទឹកដី តាមជួយថែរក្សា និងប្រទានពរជ័យជូនដល់វីរកងទ័ពជួរមុខទាំងអស់ សូមឱ្យបានជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ មានកម្លាំងកាយ កម្លាំងចិត្តមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លាក្នុងការការពារសន្តិភាព និងឯករាជ្យជាតិប្រកបដោយជោគជ័យ។ ពិធីនេះក៏បានបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងធំធេងរបស់រដ្ឋបាលខេត្តព្រៃវែង ចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងទ័ព ដែលជាខែលការពារជាតិ និងជាឆ្អឹងខ្នងការពារសុវត្ថិភាពជូនប្រជាជនកម្ពុជាទាំងមូល៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច