ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អរគុណសប្បុរសជនដែលបានបរិច្ចាគសម្ភារៈនិងថវិកា ដើម្បីចែកជូនវីរៈកងទ័ព និងជនភៀសសឹក 

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអរគុណសប្បុរសជន ដែលបានបរិច្ចាគ ទ្រព្យធនផ្ទាល់ខ្លួន ជាសម្ភារៈ គ្រឿងបរិក្ខា និងថវិកា មកផ្ដល់ជូនតាម រយៈរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីត្រៀមរៀបចំបែងចែក ជូនវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកមណ្ឌលសុវត្ថិភាពនានាក្រោយពីមានផ្ទុះសង្គ្រាមជាថ្មីពីក្រុមទា ហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា តាំងពីថ្ងៃទី០៧រហូតដល់១២ ខែធ្នូ ឆ្នាំ២០២៥នេះ ។

គិតមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានបើកទទួលអំណោយពីសប្បុរសជនបានរយៈពេល៤ថ្ងៃហើយ នៅសាលារាជធានីភ្នំពេញ ហើយអំណោយដែលទទួលបានមានដូចជា៖ ថវិកា មី ទឹកបរិសុទ្ធ អង្ក ខ្សែចង មួក កន្ទេល នំក្រៀម មី ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ឆ្នាំង អំបុក ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអរគុណចំពោះ ម្ចាស់អំណោយសប្បុរសធម៌មរបស់បងប្អូន ប្រជាពលរដ្ឋជាច្រើនមុខដែល បានចូលរួម ឧបត្ថម្ភតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនវីរៈកងទ័ពជួរមុខកម្ពុជា និងជនភៀសសឹកមកនៅ មណ្ឌលសុវត្ថិភាពនានា ។ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តទទួល អំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។ មកដល់ពេលនេះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុង ផុសផុល មកចូលរួម ឧបត្ថម្ភ ដល់ វីរៈកងទ័ពជួរមុខ និងក្រុម គ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញមកទីកន្លែង សុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក៏បានបន្តទទួល អំណោយពីសប្បុរសជននានាផងដែរ តាមសេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹង កំពុងប្រយុទ្ធយ៉ាងអង់អាចក្លា ហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយកងកម្លាំងប្រដាប់អាវុធថៃ ដែល នៅតែចិញ្ចឹមចិត្តឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ម្តងហើយម្តងទៀតឥតឈប់ឈរ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា៕

ដោយ៖សំរិត


ចែករំលែក៖