ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំដឹកជញ្ជួនសម្ភារៈមនុស្សធម៌ជូនវីរកងទ័ពតាមសមរភូមិជួរមុខនិងពលរដ្ឋភៀសសឹកក្នុងខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការដឹកនាំរបស់លោក ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា បានរៀបចំចាត់ចែងដឹកជញ្ជូនជំនួយមនុស្សធម៌  ជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក នៅក្នុងខេត្តកោះកុង។

អំណោយដែលនឹងប្រគល់ជូនអាជ្ញាធរខេត្តកោះកុង មានថវិកាចំនួន២០លានរៀល រួមទាំងសម្ភារៈនិងគ្រឿងឧបភោគបរិភោគ ដូចជា ឆៃប៉ូវផ្អែម ទឹកត្រី ទឹកស៊ីអ៉ីវ មីកញ្ចប់ អង្ករ ត្រីខ បាយក្តាំង អំបុក ភួយ និងសម្លៀកបំពាក់ជាដើម។

ក្នុងស្មារតីសាមគ្គីមហាគ្រួសារខ្មែរ ប្រឆាំងការឈ្លានពានរបស់ថៃលើបូរណភាពទឹកដីកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភាបានទទួលអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើនពីថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទីប្រឹក្សា ជំនួយការសម្តេចប្រធានរដ្ឋសភា ព្រមទាំងពីសប្បុរសជននានា សម្រាប់ឧបត្ថម្ភគាំទ្រជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកតបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបែងចែកនិងចាត់តំណាងនាំយកអំណោយមនុស្សធម៌ដែលទទួលបាន ជូនរដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ សម្រាប់ផ្គត់ផ្គង់ជូនវរកងទ័ពដ៏អង់អាចក្លាហានដែលកំពុងតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដីនិងប្រជាជនជាមួយនឹងសត្រូវឈ្លានពាន និងសម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋភៀសសឹក ក្នុងគ្រាដែលកម្ពុជាកំពុងរងការវាយប្រហារទាំងកំរោល ឃោរឃៅ រំលោភច្បាប់អន្តរជាតិរបស់សត្រូវ។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋសភា សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើងឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជម្ងឺតម្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

ដោយ ៖ សិលា


ចែករំលែក៖