ភ្នំពេញ ៖ ភ្លើងបានឆាបឆេះសារធាតុផ្សំសម្រាប់ធ្វើឡចំហាយ នៅក្នុងផ្ទះល្វែងទុកចោល១កន្លែងសន្ធោសន្ធៅ ដោយពុំដឹងមូលហេតុ ហើយសមត្ថកិច្ចបានប្រើពេលជាង១ម៉ោងក្នុងការពន្លត់ ទើបភ្លើងពន្លត់រលត់ទៅវិញ ព្រោះពិបាកពន្លត់ដោយសារតែសារធាតុខាងលើនោះពេលបាញ់ទឹកដាក់ចំកាន់តែឆេះខ្លាំង ហើយសមត្ថកិច្ចបានប្រើទឹកផងនិងដីផងទំរាំតែពន្លត់រលត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ដកិច្ចបានប្រាប់ឲ្យដឹងថា ផ្ទះល្វែងដែលជាកន្លែងស្តុកសារធាតុផ្សំសម្រាប់ធ្វើឡចំហាយនោះមិនមានមនុស្សរស់នៅក្នុងនោះទេ ផ្ទះនេះត្រូវបានគេសាងសង់រួចច្រើនល្វែង រួចក៏ទុកចោលដោយពុំដឹងថាលក់មិនដាច់ក្ស័យធន ឬបែបណានោះទេ ។ ដោយឡែកនៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋរាយការណ៍ថា មានភ្លើងឆេះសម្ភារៈនៅក្នុងផ្ទះនោះ ទើបកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោចុះទៅអន្តរាគមន៍ភ្លាមៗ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលទៅដល់បានឃើញភ្លើងកំពុងឆេះសន្ធោសន្ធៅនៅក្នុងផ្ទះមួយល្វែង និងមិនទាន់រាលដល់ផ្ទះជាប់គ្នានោះនៅឡើយទេ ចំណែករថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោបានទៅដល់ជាបន្តបន្ទាប់ និងបានបាញ់ទឹកពន្លត់ភ្លើង ។
ប៉ុន្តែការពន្លត់ហាក់មានការលំបាកបន្តិច ដោយសារតែសារធាតុនោះនៅពេលបាញ់ទឹកចូលទៅកាន់តែឆេះខ្លាំងឡើងៗ រហូតសមត្ថកិច្ចប្រើប្រាស់គ្រឿងចក្រចូកដីទៅដាក់បាចលុបនិងប្រើពេលជាង១ម៉ោង ទើបរលត់ទៅវិញ ហើយពុំបណ្ដាលឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះឡើយ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច