ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា៖ ថៃធ្វើសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្ត្រផង ដើម្បីចាក់បំបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប៉ែន បូណា អ្នកនាំពាក្យថារដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា៖ ភាគីថៃកំពុងសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្រ្តផង ក្នុងគោលបំណងបំបាក់ស្មារតី និងញុះញង់ ដើម្បីបំបែកសាមគ្គីរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។

ជាក់ស្ដែង​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៥នេះ​ លោក ប៉ែន បូណា វាយតម្លៃពីចេតនារបស់ភាគីថៃដូច្នេះ៖« សង្គ្រាមនេះវាមានគោលដៅ បំបាក់ស្មារតី ទឹកចិត្ត កងទ័ព ប្រជាពលរដ្ឋ ហើយក៏មានចរិតញុះញង់បំបែកបំបាក់សាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ ពីព្រោះគេយល់ឃើញថាការបែកបាក់នេះ គឺជាចំណុចខ្សោយរបស់កម្ពុជាយើង។»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មើលឃើញថា ការធ្វើសង្គ្រាមចិត្តសាស្រ្តរបស់សត្រូវថៃ ឈ្លានពាន គឺមានច្រើនទម្រង់ ក្នុងនោះនៅលើបណ្ដាញសង្គម ថៃបានបង្កើតគណនីក្លែងក្លាយដោយដាក់ឈ្មោះបន្លំជាខ្មែរ សរសេរភាសាខ្មែរ បញ្ចេញមតិ ផ្សព្វផ្សាយក្នុងគោលដៅបម្រើផលប្រយោជន៍របស់គេ។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា៖«គេបង្ហោះរូបភាពមួយចំនួន ដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង កងទ័ពយើង គេបង្ហោះរូបភាពសម្លៀកបំពាក់របស់យោធាយើង មានរូបសញ្ញា ឡូហ្គោកងទ័ពយើង ផ្លាកឈ្មោះ គេយកមកតុបតែងបង្កើតឡើង ហើយបង្ហោះថា នេះគឺជាអ្វីដែលគេចាប់បានអ៊ីចឹងទៅ។ គេឱ្យប្រជាពលរដ្ឋយើងកងទ័ពយើងយល់ថា យើងចាញ់គេ។»។

លោក ប៉ែន បូណា​ បានពន្យល់ពលរដ្ឋកម្ពុជាថា សង្គ្រាមចិត្តសាស្ត្រនេះគឺធំធេងណាស់ ដែលទាមទារឱ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្ន។ លោកបន្ថែមថា យោធាថៃបានយករូបថតប្រព័ន្ធបាញ់កាំជ្រួចប្រតិកម្មរហ័ស៤០កាណុង ឬBM-21 ដែលឆេះខ្ទេចខ្ទីក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី មកភូតកុហកថា ពួកគេបានកម្ទេច BM-21 របស់កងទ័ពកម្ពុជាជាដើម។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បន្តថា បណ្ដាញផ្សព្វផ្សាយព័ត៌មានផ្លូវការនៅក្នុងប្រទេសថៃស្ទើរទាំងអស់សុទ្ធតែផ្សព្វផ្សាយរឿងភូតកុហក បំផ្លើសបំភ្លៃបម្រើឱ្យគោលដៅសង្គ្រាមចិត្តសាស្ត្ររបស់យោធាថៃឈ្លានពាន ដូចការផ្សាយពីចំនួនកងទ័ពកម្ពុជាស្លាប់ផ្ទុយពីការពិតជាក់ស្ដែង។ លោក ចំណែកមន្ត្រីរដ្ឋាភិបាល យោធាថៃ ​ក៏និយាយអួតអាងបំផ្លើសបំភ្លៃដូចគ្នា។

ទោះបីជាភាគីថៃឈ្លានពានបានធ្វើសកម្មភាពបែបនេះក្ដី លោក ប៉ែន បូណា វាយតម្លៃថាមហាគ្រួសារខ្មែរមិនបានចាញ់បោក ឬធ្លាក់ចូលអន្ទាក់សង្គ្រាមចិត្តសាស្ត្រនេះឡើយ ហើយពលរដ្ឋខ្មែរបាន ចេញមុខប្រតិកម្មវាយបកភ្លាមៗតបទៅនឹងសង្គ្រាមចិត្តសាស្ត្រ ការភូតកុហករបស់ភាគីប្រទេសដែលឈ្លានពានយើង។

លោក ប៉ែន បូណា កត់សម្គាល់ឃើញថាពលរដ្ឋខ្មែរមានស្មារតីរឹងមាំល្អ​ មានទឹកចិត្តស្នេហាជាតិបរិសុទ្ធ មានសាមគ្គីភាពប្រកបដោយស្មារតីបុរេសកម្ម នៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឆាំងនឹងសង្គ្រាមចិត្តសាស្ត្រ ការញុះញង់ បំបែកបំបាក់ហើយចេះការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេស និងជាប្រជាជនខ្មែរបានយ៉ាងល្អ។​ លោក អះអាងថា នៅពេលមានសត្រូវឈ្លានពានទឹកដីពលរដ្ឋខ្មែរចេះស្រាក់ដៃគ្នា មានជំនឿចិត្តមុតមាំលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ យោធិន ដែលនេះជាចំណុចខ្លាំងរបស់ខ្មែរ។

ឆ្លងកាត់ការប្រយុទ្ធជាង១សប្ដាហ៍ យោថាថៃបានឈ្លានពានយ៉ាងសាហាវព្រៃផ្សៃប្រើប្រាស់យុទ្ធោបករណ៍ទំនើប និងបំពានច្បាប់អន្តរជាតិជាច្រើនដូចជា គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង ដ្រូនលើកងទ័ព និងបាញ់ប្រហារមកលើកងទ័ពកម្ពុជា។

ទោះបីយោធាថៃ​ប្រើស្ទើរអស់មធ្យោបានយោធាក្ដី អ្នកនាំពាក្យការពារជាតិអះអាងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ យោធិនកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

គួររម្លឹកថាផងដែរថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ បង្ហាញមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសថៃ។ តាមសម្ដេចធិបតី ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។​ សម្ដេចធិបតី​ អំពាវនាវឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី៕ដោយ​៖តារា​


ចែករំលែក៖