អន្តរជាតិ ៖ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃ បានចេញការព្រមានមួយទៅកាន់ពលរដ្ឋរបស់ខ្លួន ដោយណែនាំពួកគេឱ្យចៀសវាងធ្វើដំណើរ ក្នុងរង្វង់៥០គីឡូម៉ែត្រពីព្រំដែនថៃ-កម្ពុជា រួមទាំងកោះនានានៅខេត្តត្រាត ដូចជាកោះឆាង( Ko Chang), កោះគុត( Ko Kut)និងកោះម៉ាក់( Ko Mak)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលបានបង្ហោះនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៥ ក៏ណែនាំឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់ខេត្តជាប់ព្រំដែនថៃផ្សេងទៀត បន្ថែមពីលើការព្រមានពីមុន ដូចជាខេត្តណារ៉ាធីវ៉ាត់(Narathiwat) យ៉ាឡា( Yala ), ប៉ាតានី( Pattani) និងសុងក្លា( Songkhla) ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។ ខេត្តភាគខាងត្បូងប្រទេសថៃ នៅតែអសុវត្តិភាព ដោយសារក្រុមប្រដាប់អាវុធប៉ុនប៉ងផ្តាច់ទឹកដីជាយូរមកហើយនោះ នៅតែបង្កការអុកឡុកឥតឈប់ឈរ។ ការព្រមាននេះនឹងនៅតែបន្តមានសុពលភាព រហូតដល់មានការជូនដំណឹងជាថ្មី។
ការណែនាំរបស់ស្ថានទូតស៊ុយអែតធ្វើឡើង ខណៈថៃនៅតែបន្តបើកការវាយប្រហារឆ្លងព្រំដែន មកលើប្រទេសកម្ពុជា នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៥នេះ។ ពោល កងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា នៅថ្ងៃពុធទី១៧ខែធ្នូ ឆ្នាំ២០២៥។
គួរឱ្យដឹងដែរថា ស៊ុយអែត គឺជាប្រទេសមួយដែលបានផ្គត់ផ្គង់យន្តហោះចម្បាំង Gripen ដល់ប្រទេសថៃ ខណៈប្រទេសមួយនេះកំពុងធ្វើសង្រ្គាមឈ្លានពានលើប្រទេសកម្ពុជា។ Saabដែលជាក្រុមហ៊ុនការពារជាតិស៊ុយអែត ត្រូវបានគេរាយការណ៍ថា បានគាំទ្រប្រទេសថៃក្នុងប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងប្រទេសកម្ពុជា ហើយគ្រោងនឹងផ្គត់ផ្គង់យន្តហោះចម្បាំង Gripen E/F ចុងក្រោយបំផុតដល់ប្រទេសថៃ។
ក្រុមហ៊ុនSaab បានបញ្ជាក់ពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ប្រទេសថៃ ចំពោះសមត្ថភាពយន្តហោះចម្បាំងរបស់ខ្លួន តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកក្នុងខែធ្នូ ឆ្នាំ២០២៥។ ថៃបានប្រើទាំងយន្តហោះចម្បាំង Gripen របស់ស៊ុយអែតនិងយន្តហោះចម្បាំងF-16របស់អាមេរិក រួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាស លើដែនអធិបតេយ្យកម្ពុជា ក្នុងសង្រ្គាមឈ្លានពានទឹកដីដែលកំពុងបន្តរបស់ភាគីថៃ៕
ប្រភព ៖ VAYO

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច