ភ្នំពេញ៖ រកឃើញកីឡាករ ២នាក់ចុងក្រោយសម្រាប់ឡើងទៅប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី TV5knock out series ទម្ងន់៥៤គីឡូក្រាម កាលពីយប់ថ្ងៃទី៩ខែតុលាឆ្នាំ២០១៦ បន្ទាប់ពីការប្រកួតវគ្គជម្រុះវគ្គ៨នាក់ចុងក្រោយ ត្រូវបានបញ្ចប់នោះ គឺ កីឡាករ លីន វិបុល មកពីក្លិប បូរីរាជសីហ៍មានប្ញទ្ធិ និងកីឡាករ មាឃ សុវណ្ណរ៉ា មកពី រាជសីហ៍ ខេត្តរតនគិរី បន្ទាប់ពីពួកគេ វាយយកឈ្នះដៃគូប្រកួតប្រជែងនោះ ។
មុននឹងកីឡាករទាំង២នាក់ទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺបន្ទាប់ពីប្រកួតពេញចំនួន៣ទឹកដូចគ្នា ក្នុងនោះកីឡា កីឡាករ លីន វិបុល វាយឈ្នះកីឡាករ ប៊ុន សុធា មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុ និងកីឡាករ មាឃ សុវណ្ណរ៉ា វាយឈ្នះកីឡាករ នីម នន មកពីក្លិប កងពលតូចឆត្រយោងលេខ៩១១ ដោយពិន្ទុ។
លោក សេង កដិកាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់សង្វៀនទូរទស្សប៉ុស្តិ៍លេខ៥ បានប្រាប់ឲ្យថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រត្រូវទុកពេលវេលាឲ្យកីឡាករទាំង៤នាក់បានសម្រាក់សន្សំកម្លាំង១សប្តាហ៍ នៅក្នុងចន្លោះនៃការឈប់សម្រាក់របស់កីឡាករគូវាយដណ្តើមពានរង្វាន់ TV5knock out series ទម្ងន់៥៤គីឡូក្រាម នេះសង្វៀនបានរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាពជំនួសផងដែរ។
គួររំលឹកថា កីឡាករ៤នាក់ដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ មានដូចជា កីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរ ,ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក , កីឡាករ លីន វិបុល មកពីក្លិប បូរីរាជសីហ៍មានប្ញទ្ធិ និងកីឡាករ មាឃ សុវណ្ណរ៉ា មកពី រាជសីហ៍ ខេត្តរតនគិរី ៕ សារីម