ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងកំពុងបន្តការគំរាមកំហែងដល់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់នៅមុនភ្ជុំបិណ្ឌ និងក្រោយភ្ជុំបិណ្ឌ ធ្វើឲ្យតំបន់១ចំនួនក្នុងប្រទេសកម្ពុជាមានការជន់លិចជាអន្លើៗ ពិសេសតំបន់ខ្ពង់រាបខាងកើត និងតំបន់ភាគខាងជើងនៃភូមិភាគកណ្ដាល។

ដោយឡែកនៅរាជធានីភ្នំពេញ ខណ្ឌ១ចំនួន ក៏ទទួលរងនូវការគំរាមកំហែង ពីជំនន់ទឹកភ្លៀងនេះដែរ ដូចជាខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ ព្រែកព្នៅ ជាដើម។
យោងទៅលើស្ថានភាពបែបនេះកាលពីថ្ងៃព្រឹកថ្ងៃសៅរ៍ អាជ្ញាធរខណ្ឌព្រែកព្នៅបាន ដឹកនាំដោយលោកសុខសម្បត្តិ អភិបាលខណ្ឌ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានចុះពិនិត្យមើលស្ថានភាពទឹកជមនន់នៅសង្កាត់ គោករការ និងសង្កាត់ពន្សាំង ដែលកំពុងប្រឈម នឹងការលិចលង់ ។
ក្នុងឱកាសនោះ លោក សុខសម្បត្តិ បានណែនាំ ដល់ចៅសង្កាត់គោករការនិងសង្កាត់ពន្សាំង ត្រូវពិ និត្យតាមដានពីស្ថានភាពទឹកនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ នៅតំបន់ណាដែលជន់លិច ដោយសារពុំមានលូបង្ហូរ ចំពោះមុខនេះត្រូវកាយប្រឡាយ បង្ហូរទៅកាន់ប្រឡាយមេដើម្បីរំដោះទឹកចេញ ពិសេសផ្លូវដែលទទួលរងការលិចទឹក ដែលអាចរំដោះទឹកចេញបានគឺត្រូវ រំដោះទឹកចេញជាបន្ទាន់ ព្រោះបើទុកទឹកឲ្យនៅលិចយូរ វានឹងអាចធ្វើឲ្យខូចផ្លូវថែមទៀតផង។

ជាមួយនេះលោកអភិបាលខណ្ឌនិងក្រុមការងារ ក៏បានទៅពិនិត្យមើលស្ថាននីយ៍បូមទឹកទួលសំពៅ ដែលកំពុងដំណើរការបូមយ៉ាងសកម្ម ចូលមកក្នុងបឹងតាមោគ ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទំនប់ដែលទប់ទឹកសម្រាប់បូមចេញនោះ គឺមានសភាពពេញប្រៀប ស្ទើរតែនឹងលិចទៅហើយ ប្រសិនបើមានភ្លៀងធា្លក់ជាបន្ដទៀត នោះ ទំនប់នេះនឹងត្រូវលិចជាមិនខាន ពេលនោះ បណ្ដាភូមិ១ចំនួន នៅសង្កាត់គោករការ នឹងត្រូវលិចលង់ ចៀសមិនផុតឡើយហើយការលិចនេះ នឹងធ្វើឲ្យខាតបង់នូវផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងច្រើន ព្រោះវាអាចធ្វើខូចផលដំណាំស្រូវ ស្រះចិញ្ចឹមត្រី និងដំណាដាំដុះ១ចំនួនទៀត។
លោកអភិបាលខណ្ឌ បានស្នើទៅមន្ទីរសាធារណៈការរាជធានីភ្នំពេញសូម ធ្វើការចាក់ដីលើកទំនប់នេះបន្ថែមឲ្យបានខ្ពស់ ព្រោះថាទឹកភ្លៀងមិនទាន់បញ្ចប់នៅឡើយទេ ដូចនេះប្រជាពលរដ្ឋនៅតំបន់នេះ និងទទួលរង ការលិចលង់បើយើងមិនបានការពារទំនប់នេះឲ្យបានរឹងមាំ។
ដោយឡែក ជំនន់ទឹកភ្លៀងនេះដែរ បាន វាយប្រហារ ផ្លូវបេតុង១កន្លែង កាត់ ភូមិបឹងខ្នំ និង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំងដោយសារតែម្ចាស់ដីនៅជាប់ផ្លូវនេះបាន ចាក់ដីបិទលូតាំងពីមិនទាន់ធ្វើផ្លូវម្លេះ តែ ពេលដែលទឹកជំនន់លិចខ្លាំង ទឹកក៏បានជ្រាបតាមលូចាស់ ធ្វើឲ្យដាច់គ្រឹះផ្លូវអស់១ផ្ទាំង។

ដើម្បីកែលម្អផ្លូវនេះឡើងវិញ លោកសុខសម្បត្តិ បានកោះហៅក្រុមហ៊ុនរស់ ថែ ដែលជាអ្នកទទួលម៉ៅការ សាងសង់ មកធ្វើការជួសជួសផ្លូវនេះឡើងវិញដើម្បីរក្សាគុណភាពផ្លូវ និងរក្សាសុវត្ថិភាពអ្នកធ្វើចរាចរណ៍ផងដែរ៕ ព្រែកជ័យ

 

1 2 3 4 5 6


ចែករំលែក៖