ខេត្តមណ្ឌលគិរី ៖ មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថាយ៉ាងហោចណាស់ ជនជាតិកូរ៉េម្នាក់ត្រូវ សមត្ថកិច្ចខេត្តមណ្ឌលគិរី រំដោះចេញពីទីតាំងអគារមួយកន្លែងនៅស្រុកកែវសីមា ខណៈជនជាតិកូរ៉េ២៦នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ដើម្បីកសាងនិតិវិធី ដែលប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។
សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចខេត្តមណ្ឌលគិរី ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ និងការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវស្វែងរក និងសង្គ្រោះជនជាតិកូរ៉េម្នាក់តាមសំណើរបស់ភាគីកូរ៉េ លេខ០២៨លស ចុះថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៥ ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម នាថ្ងៃទី១៧ ខែធ្នូ ដដែល ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីស្រាវជ្រាវស៊ើបអង្កេតទីតាំងក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
សមត្ថកិច្ចរកឃើញជនជាតិកូរ៉េ កំពុងបម្រើការងារ និងស្នាក់នៅទីតាំងខាងលើឈ្មោះ HAM TAEGYEONG អាយុ២៥ឆ្នាំ និងបន្តស្រាវជ្រាវឃាត់ខ្លួនជនជាតិកូរ៉េបន្ថែមទៀតចំនួន២៦នាក់ (ស្រី០២នាក់) ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមានសម្ភារបច្ចេកវិទ្យា រួមមាន កុំព្យូទ័រ (All in one) ២១គ្រឿង កុំព្យូទ័រ CPU មួយគ្រឿង ទូរស័ព្ទដៃ២៤គ្រឿង និង Tablak ចំនួនមួយគ្រឿង ។
សេចក្តីរាយការណ៍បានបន្តថា សមត្ថកិច្ចបាននាំខ្លួនជនជាតិកូរ៉េសរុប២៧នាក់ (ស្រី ០២នាក់) ទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីគ្រប់គ្រងបណ្តោះអាសន្ន។
ទោះជាយ៉ាងណា គិតត្រឹមរសៀលថ្ងៃទី១៩ ខែធ្នូ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនជាតិកូរ៉េទាំងនោះត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញអស់ហើយ ដើម្បីបន្តនិតិវិធីច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច