ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញទទួលអំណោយសប្បុរសជនជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគជាច្រើនមុខដើម្បីដឹកបន្ដចែកជូនវីរកងទ័ពនិងជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ៖  អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគនិងសម្ភារៈមួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ,រដ្ឋបាលខណ្ឌដង្កោ, រដ្ឋបាលខណ្ឌព្រែកព្នៅ និងសប្បុរសជនជាច្រើនរូបទៀតបានបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ខណៈដែលក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌នេះបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានលោក ហួត ហៃ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ  តំណាងលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ។

អំណោយដែលទទួលថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌមានជ័យថវិកា៥លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ, រដ្ឋបាលខណ្ឌដង្កោថវិកា២លានរៀលអង្ករ និងគ្រឿងឧបភោគ បរិភោគ, រដ្ឋបាលខណ្ឌព្រែកព្នៅមានបន្លែ រួមជាមួយថវិកា៣០លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ។

លោក ហួត ហៃ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះរដ្ឋបាលខណ្ឌ និងសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយទាំងនេះជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីដឹកបន្ដទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក  ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងខ្មាំងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីខឿនការពារជាតិស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានតទៅទៀត នៅសាលារាជធានីភ្នំពេញគ្រប់ពេលវេលា ៕

ដោយ៖សំរិត


ចែករំលែក៖