ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាភរិយាប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបុរសជាប្តីករណីហិង្សាដោយចេតនា គម្រាមថានឹងសម្លាប់

ចែករំលែក៖

ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែធ្នូនេះថា ស្ត្រីជាភរិយាដោយអស់ការស៊ូ ទ្រាំចំពោះសកម្មភាពជាច្រើនលើកច្រើនសារ របស់ជន សង្ស័យជាប្តីប្រើអំពើហិង្សាដោយចេតនា វាយដំច្រំធាក់និងគម្រាមថានឹងសម្លាប់ទើបស្ត្រីរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០២៥  នៅចំណុចភូមិ កណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ ស៊្រឹម ស្រីលីន អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរអនឡាញ(ជាប្រពន្ធ)។ ចំនែកជនសង្ស័យឈ្មោះ ខា បញ្ញា អាយុ១៩ឆ្នាំ(ជាប្តី)គ្មានមុខរបរពឹតប្រាកដនិង មានទីលំនៅជាមួយគ្នាក្នុងភូមិ-ឃុំកើតហេតុ ។  

សមត្ថកិច្ចបន្តថា មុនកើតហេតុស្ត្រីឈ្មោះ ខា កណ្និថា អាយុ ៣១ ឆ្នាំ (ជាបងស្រីបង្កើតរបស់ជនសង្ស័យ) បានមកដាក់ពាក្យបណ្តឹង ម្តងរួចមកហើយ ដោយប្តឹងឈ្មោះ ខា បញ្ញា(ជាប្អូនប្រុស) ករណីគំរាមកំហែងនិងប្រើហិង្សាទៅលើប្រពន្ធ ដោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់បាននាំខ្លួនឈ្មោះ ខា បញ្ញា យកមកប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរហេីយ បងស្រី ក៏បានសំណូមពរឱ្យសមត្ថកិច្ច  ធ្វេីការអប់រំនិងធ្វើកិច្ចសន្យា រួចក៏បានសុំយកប្អូនប្រុស (ជនសង្ស័យ )ត្រឡប់ទៅផ្ទះវិញ។

លុះដល់វេលាកើតហេតុ ជនសង្ស័យជាប្អូនប្រុស បានទាក់ពាក្យសម្តី និងឈ្លោះប្រកែកគ្នាជាមួយស្ត្រីរងគ្រោះជាប្រពន្ធ រហូតប្រើអំពើហិង្សា ដោយវាយ១ដៃត្រូវចំភ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសហេីមជាំភ្នែក ហេីយជន សង្ស័យជាប្តី ក៏បានគំរាមកំហែង ប្រពន្ធថា បេីហ៊ានប្តឹងប៉ូលីសខ្លួននឹងសម្លាប់ចោលភ្លាម។ តែដោយអស់ការស៊ូទ្រាំស្ត្រីរងគ្រោះជាប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យប្តី យកមកប៉ុស្តិ៍ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖