ខេត្តត្បូងឃ្មុំ ៖ ផ្សែងភ្លើងបានហុយខ្លួលខ្មាញ់ចេញតូបលក់ដូរ១កន្លែងនៅឃុំត្រមូង ស្រុកមេមត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ ។ ភ្លាមៗនោះ មានការឆោឡោដោយបងប្អូនបានដងទឹកជះពន្លត់ភ្លើង និងគាស់ទ្វារតូបលក់ដូរនោះ ដើម្បីជួយមនុស្ស ឪពុកនិងកូនបានរងរបួសធ្ងន់ ត្រូវបានគេនាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់ តែគ្រោះអកុសល ដោយ សារតែស្នាមរលាកខ្លាំងពេក បុរសជាឪពុកបានស្លាប់ នៅសល់តែកូនតូចអាយុ៥ឆ្នាំប៉ុណ្ណោះ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅសុខៗគេឃើញភ្លើងឆេះចេញពីតូបលក់ដូរមួយកន្លែង កាលពីវេលាម៉ោង២ និង៣០រសៀលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៥ តូបលក់អីវ៉ាន់១មានទំហំ៤x៨ម៉ែត្រ ជញ្ជីងឥដ្ឋ ដំបូលប្រក់សង្ក័សី នៅភូមិឈូក ឃុំត្រមូង បណ្ដាលឱ្យរងរបួសមនុស្ស២នាក់ធ្ងន់ ឈ្មោះ ប៉ូ រ៉ាឌី ភេទប្រុស អាយុ៣៤ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងឈ្មោះ ឌី ធារី ភេទស្រី អាយុ៥ឆ្នាំ ត្រូវជាកូន របួសធ្ងន់កំពុងបញ្ជូនទៅមន្ទីរបង្អែកមេមត់ ក្នុងខណ:ពេលជនរងគ្រោះដេកក្នុងតូបលក់ឥវ៉ាន់ ហើយត្រូវអគ្គិភ័យឆាបឆេះតែម្ដង ។
សមត្ថកិច្ចមូលដ្ឋានបន្តឱ្យដឹងទៀតថា ស្របពេលដែលភ្លើងកំពុងតែឆេះនោះ ប្រជាពលរដ្ឋគាស់ទ្វារចូលជួយជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ និងជួយពន្លត់ភ្លើងមិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងរលត់ជាស្ថាពរ ។ មូលហេតុ ផ្ទុះកំប៉ុងហ្គាស ហើយក៏បានឆាបឆេះដល់សាំង។ ខូចខាតឆេះអីវ៉ាន់លក់ដូទាំងស្រុង សរុបជាប្រាក់ចំនួន១២លានរៀល រីឯឯកសារដូចជា សៀវភៅគ្រួសារ,សៀវភៅស្នាក់នៅ,អត្តសញ្ញាណបណ្ណ និងសំបុត្របញ្ជាក់កំណើត គឺពុំមានការខូចខាតទេដោយជនរងគ្រោះរក្សាទុកនៅផ្ទះឪពុក-ម្តាយ ។
គ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ប្រាប់ឲ្យដឹង នារសៀលថ្ងៃទី២៧ ធ្នូ នេះថា កុមារីអាយុ៥ឆ្នាំ ដែលរលាកភ្លើងនោះ ត្រូវបានក្រុមសាច់ញាតិបញ្ជូនមកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ និងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច