ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម បានស្វាគមន៍បទឈប់បាញ់ដែលព្រមព្រៀងដោយកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង ១២៖០០ថ្ងៃត្រង់ (UTC+7) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកម្លាំងនៅនឹងកន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់រួមដែលតម្រូវឱ្យមានការអត់ធ្មត់ ជាសំខាន់លើផលប្រយោជន៍របស់ជនស៊ីវិល។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម បានកំណត់នូវវិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការទំនាក់ទំនងដោយផ្ទាល់រវាងថ្នាក់ដឹកនាំការពារជាតិ។ ទាំងនេះផ្តល់ជាមូលដ្ឋានសម្រាប់ស្ថិរភាព ហើយខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តដោយស្មោះត្រង់។
តាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី នៅពេលដែលម៉ាឡេស៊ី ប្រគល់ប្រធានអាស៊ានទៅហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ យើងនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាកិច្ចការទាំងនេះត្រូវបានផ្តល់កិត្តិយស ហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពដែលត្រូវបានរក្សា។
គួរជម្រាបជូនថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ ខាងយោធារបស់ភាគីម្ខាងទៀត។ នេះបើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ(ខេត្តច័ន្ទបុរី ប្រទេសថៃ) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬ ធ្វើសកម្មភាពរុលទៅមុខ ឬ ចល័តកម្លាំងទៅលើទីតាំង ឬ កងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។
ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវ ធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។
ទន្ទឹមនោះ ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យ ប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគី ទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌ សីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេ ទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នា ថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំង សុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាព ខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមាន ជនស៊ីវិលរស់នៅ។
ជាមួយគ្នានេះ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
សូមជម្រាបជូនថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) ដែលត្រូវ បានដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និង លោកនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជា ណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និង ដោយមានការចូលរួមសង្កេតពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច