ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
នាឱកាសនៃកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួម ចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច