ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា រួមទាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើននាក់ទៀត បានប្រញាប់ប្រញាល់រួសរាន់វេចខ្ចប់អំបុកដាក់ចូលក្នុងថង់កន្លះគីឡូ ដើម្បីងាយស្រួលដឹកយកទៅបែងចែក ដល់ដៃវីរកងទ័ពជួរមុខ និងវីរកងនគរបាលការពារព្រំដែន ព្រមទាំងជនភៀសសឹកផងដែរ។ ពិធីវេចខ្ចប់នេះបានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។
អំបុកជាង២តោនបានបញ្ឃររង់ចាំការវេចខ្ចប់ដោយច្រកជាថង់តូចៗកន្លះ គីឡូ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរកងទ័ពជួរមុខ វីរកងនគរបាលការពារព្រំដែន ។
លោក ឃួង ស្រេង និងភរិយា រួមនឹងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើងដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ។
នៅថ្ងៃនេះផងដែរ រដ្ឋបាលខណ្ឌនិងសប្បុរសជននានាក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនយកទៅបែងចែកជូនទៅដល់វីរកងទ័ពជួរមុខ និងពលរដ្ឋជាជនភៀសសឹក ដោយលោកអភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូប តំណាងលោក ឃួង ស្រេង បានអញ្ជើញទទួលអំណោយនេះ។ សប្បុរសជនដែលនាំយកអំណោយមកប្រគល់ជូននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះរួមមាន៖ រដ្ឋបាលខណ្ឌសែនសុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោនិងសប្បុរសជន។ ក្នុងនាម អភិបាលរាជធានី លោក អភិបាលរងរាជធានីភ្នំពេញក៏បានអរគុណចំពោះ រដ្ឋបាលខណ្ឌសែន សុខ, រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌដង្កោ និងសប្បុរសជនដែលបានចូលរួមចែករំលែកនូវធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀតនៅសាលារាជធានីភ្នំពេញ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច