ភ្នំពេញ ៖ ក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ប្រកបដោយបេះដូងកក់ក្ដៅរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្ដចាត់មន្ដ្រីក្រុមការងារជាបីក្រុម ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់វីរយុទ្ធជនយើងដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៥ នៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ ដឹកនាំដោយលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងមន្ទីរពេទ្យព្រះកេតុមាលា ដឹកនាំដោយលោក សំ វណ្ណារ៉ា នាយករងខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្នុងឱកាសចុះសួរសុខទុកខាងលើនេះ មន្ដ្រីក្រុមការងារបាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។
លើសពីនោះសហការីក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់វីរយុទ្ធជន និងក្រុមគ្រួសារយុទ្ធជន និងលើកឡើងពីទឹកចិត្ដអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរមិនដែលរំលងនោះឡើយ ពីសុខទុក្ខ ការលំបាក និងការពលីរបស់វីរយុទ្ធជនយើងដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជាតិមាតុភូមិ។ ត្បិតថាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ក៏ដោយ តែចិត្ដ និងបេះដូងរបស់អ្នកម្ដាយមិននៅឆ្ងាយ ហើយតែងនៅជាប់ជាមួយបងប្អូនវីរយុទ្ធជនយើងជានិច្ច ដូច្នេះហើយទើបថ្ងៃនេះ អ្នកម្ដាយមនុស្សធម៌ បានបន្ដចាត់ក្រុមការងារ ចុះសួរសុខទុក្ខ និងលើកទឹកចិត្ដ ពិសេសការថ្លែងអំណរគុណដោយផ្ទាល់ដល់វីរយុទ្ធជនយើង។
កាលពីថ្មីៗនេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចុះមកសួរសុខទុក្ខដល់វីរយុទ្ធជនយើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៥ខាងលើនេះដែរ ចំនួន ២ដងមកហើយ និងបានអញ្ជើញចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនយើងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងខេត្ដកំពង់ធំផងដែរ។
សកម្មភាពដ៏សកម្មក្នុងការចូលរួមចំណែករំលែកក្នុងគ្រាដ៏លំបាកមួយនេះ គឺមិនបញ្ឈប់ត្រឹមហ្នឹងនោះទេ គឺកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ នជាប្រធាន គឺនៅតែបន្ដសកម្មភាពយ៉ាងសស្រាក់សស្រាំ ឱ្យស័ក្កសមនិងការលះបង់ពលីរបស់វីរយុទ្ធជន និងក្រុមគ្រួសារវីរយុទ្ធជនរបស់យើង។
ជាមួយនឹងការយកចិត្ដទុកដាក់របស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យវីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកចំពោះទឹកចិត្ដអ្នកម្ដាយ ទោះមិនបានអញ្ជើញមកផ្ទាល់ តែអ្នកម្ដាយនៅតែចាត់មន្ដ្រីក្រុមការងារ ចុះមកសួរសុខទុក្ខប្រកបដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។
ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច និងគិតគូរពីសុខទុក្ខ លើកទឹកចិត្ត រួមទាំងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។
វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។
សូមជម្រាបថា វីរយុទ្ធជនដែលរងរបួសក្នុងសមរភូមិសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៥ខាងលើនេះ គឺទទួលបាននូវការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច