ខេត្តព្រះសីហនុ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda មានបណ្ដោយប្រវែង២៨៨.៣៣ម៉ែត្រ និងទទឹងប្រវែង៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចូលចតរបស់នាវា DIAMOND PRINCESS ស្របពេលដែលប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកំពុងរៀបចំប្រារព្ធពិធីអបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ ដែលកាលពី២៨ឆ្នាំមុន សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយប្រតិបត្តិករទាំងអស់ដែលបានដឹកនាំដោយសម្តេចតេជោ រួមគ្នាអនុវត្តគោលនយោបាយទទួលបានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស និងមានឱកាសអភិវឌ្ឍន៍ប្រទេសកម្ពុជារីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏អង់អាចឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំមកនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបន្តវេនដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ពោលគឺការចូលចតរបស់នាវា DIAMOND PRINCESS នៅថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាដំណើរមួយបង្ហាញសារ និងរូបភាពឱ្យពិភពលោកឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រោមព្រះបូជនីយកិច្ចរបស់ព្រះមហាក្សត្រខ្មែរ ធ្វើឱ្យកម្ពុជាមានលទ្ធភាពផ្តល់ឱកាស ផ្តល់សុវត្ថិភាពដល់វិនិយោគិនក្នុងស្រុក និងបរទេសបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច