ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជន៥នាក់ក្រោយបន្លំខ្លួនធ្វើជាអ្នកឆ្លុះកង្កែបតែលួចជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានបង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ដែលកំពុងធ្វើសកម្មភាពនៅវេលារំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានបង្រ្កាបករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់នៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត្រ ខណៈកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យចេញល្បាតក្នុងភូមិសាស្រ្តឃុំជម្ពូព្រឹក្សនិងឃុំព្រៃក្រសាំង បានឃាត់ខ្លួនមុខសញ្ញារក្សាទុក ប្រើប្រាស់និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន៥នាក់៖

១-ឈ្មោះ រន រ៉េត ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិស្រែអណ្តូង ឃុំទ័ពមាន ស្រុកថ្ពង, ២-ឈ្មោះ អ៊ុំ រ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ, ៣-ឈ្មោះ សឿន វណ្ណៈ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ,៤-ឈ្មោះ ហុង ហ៊ីម ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃស្គន់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ និង៥-ឈ្មោះ រិន រិទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃស្គន់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ។

ក្រោយពេលត្រួតពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញគ្រឿងញៀន១០កញ្ចប់ (តូច៩ ,មធ្យម១) ទូរស័ព្ទដៃចំនួន៣គ្រឿង,ជញ្ជីងអេឡិចត្រូនិក១គ្រឿង , ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ ចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖