ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុដានី ជួបសំណេះសំណាលសួរសុខទុក្ខ ដឹងគុណ អរគុណដល់គ្រួសារវីរកងទ័ព វីរនគរបាលចំនួន២០គ្រួសារនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង  

ចែករំលែក៖

ខេត្តស្វាយរៀង៖លោក សរ សុដានី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ ដឹងគុណ អរគុណដល់គ្រួសារវីរកងទ័ព វីរនគរបាលចំនួន២០គ្រួសារនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀងខេត្តស្វាយរៀង ដែលពួកគាត់មានប្តី កូន ក្មួយ ចៅ ដែលជាវីរកងទ័ព វីរនគរបាល បាននិងកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោក ណុប ចំរើន ប្រធានគណបក្សក្រុងស្វាយរៀង អស់លោកលោកស្រីក្រុមការងារចុះមូលដ្ឋានសង្កាត់និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោក សរ សុដានី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ជូនបងប្អូនគ្រួសារកងទ័ព ដែលលោកអភិបាលខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក តែងតែចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយទុក្ខលំបាករបស់បងប្អូនគ្រួសារកងទ័ពនិងជនភៀសសឹកបានទាន់ពេលវេលា។

លោកបានមានប្រសាសន៍បន្តថា យើងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាល ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងប្រជាជន ក្នុងស្មារតីខ្មែរតែមួយ មួយផ្នែកយើងរួមគ្នាបញ្ជូនស្បៀងទៅសមរភូមិមុខសម្រាប់វីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹក មួយផ្នែកទៀតយើងជួយផ្គត់ផ្គង់ឧបត្ថម្ភនិងមើលថែគ្រួសាររបស់ពួកគាត់នៅសមរភូមិខាងក្រោយ។

បន្ទាប់មក បងប្អូនដែលជាក្រុមគ្រួសាររបស់់វីរកងទ័ព វីរនគរបាល ក៏បានផ្ញើសេចក្ដីនឹករលឹកដល់វីរកងទ័ព វីរនគរបាលដែលជាប្ដីជាកូនជាក្មួយជាចៅ ដែលកំពង់ឈជើងនៅជួរមុខ និងសូមជូនពរក្នុងឱកាសឆ្នាំថ្មីនេះ សូមអោយមានសុខភាពល្អ ជោគជ័យក្នុងការការពារបូរណភាពទឹកដីផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖