ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ ៧នាក់ នៅចំណុចភូមិកំពង់ស្ដីក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនៅថ្ងៃទី០១ខែមករាឆ្នាំ២០២៦ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិកំពង់ស្ដីក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទំនាក់ ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោកកែវ​ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកឧត្តម សេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកកោះសូទិន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យ៧នាក់។

ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២កញ្ចប់, ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយសម្រាប់ និងទូរស័ព្ទដៃចំនួន ៦គ្រឿង ។

 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖