ខេត្តក្រចេះ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្រែពពេល ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ មានការដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យ ៣នាក់។
វត្ថុតាងចាប់យករួមមាន -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១កញ្ចប់ ទម្ងន់ ០.២៩ក្រាម, ទូរស័ព្ទចំនួន ១គ្រឿង, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច