ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅថ្ងៃទី០៧ ខែមករាឆ្នាំ២០២៦នេះថា ជនសង្ស័យម្នាក់ដែលញៀនថ្នាំបានធ្វើសកម្មភាពលួចលើកប៉ុងឡានរបស់ប្រជាពលរដ្ឋដាក់លើម៉ូតូបានសម្រេច ប៉ុន្តែគេចខ្លួនមិនទាន់បានឆ្ងាយផងស្រាប់តែម៉ូតូដាច់ច្រវាក់ទៅមុខលែងរួច ត្រូវម្ចាស់របស់មកទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ មករា ២០២៦ នៅចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ដួង ដាវីត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ដែលរូបគេមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះជាម្ចាស់ទ្រព្យមានឈ្មោះ សែ ហ៊ួត ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប៉ុងឡានចំនួន១ (របស់ជនរងគ្រោះ) និងម៉ូតូម៉ាកគុបមូល ពណ៌ទឹកប៊ិក គ្មានផ្លាកលេខ ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាគុបមូលខាងលើ តែម្នាក់ឯងចេញពីក្រុងសំពៅពូន។ពេល មកដល់ចំណុចកើតហេតុក៏បានធ្វើសកម្មភាពលួចលើកយកប៉ុងឡានរបស់ជនរងគ្រោះដែលទុកនៅខាងមុខផ្ទះដាក់លើម៉ូតូរបស់ខ្លួន។ បន្ទាប់ពីលើកដាក់លើម៉ូតូបានសម្រេចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបានចម្ងាយប្រហែល ១០០ម៉ែត្រ ស្រាប់តែម៉ូតូដាច់ច្រវាក់ទៅមុខលែងរួច។ ខណៈនោះ ជនរងគ្រោះក៏បានមកទាន់ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចរាយការណ៍ប្រគល់ជូនកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអំបិល ដើម្បីយកមកសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច