ភ្នំពេញ៖ លោកលី ធុជ បានបញ្ជាក់ថា៖ ជំនួយរបស់ចិនជាឧបករណ៍បោសសម្អាតមីនពិតជាមានសារៈសំខាន់រំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែល នៃសង្គ្រាម ។ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងពិធីទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។ ដោយមានការចូលរួមពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ។
ក្នុងពិធីនេះ លោក លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែល នៃសង្គ្រាម។
តំណាងឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារ ថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការគាំទ្រនេះ ជីវិតមនុស្សរាប់មិនអស់ត្រូវបានការពារ សហគមន៍ត្រូវបានស្តារឡើងវិញ ហើយអ្នករស់រានមានជីវិត ត្រូវបានផ្តល់នូវអំណាចដើម្បីកសាងអនាគតឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា៖ ការរួមចំណែកដ៏សំខាន់នៃ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន ដែលគាំទ្រដោយមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន ដែលគំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា។
តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអនុវត្តបទឈប់បាញ់ និងសម្រេចឱ្យបានសន្តិភាពចីរកាលរវាងកម្ពុជា និងថៃ តាមរយៈកិច្ចប្រជុំនៅបឹងហ្វ៊ូសៀន (Fuxian Lake) ខេត្តយូណាន។ ក្នុងនោះប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយមនុស្សធម៌ ដល់សហគមន៍រងផលប៉ះពាល់ក្នុងតំបន់ព្រំដែន។ ជាក់ស្តែងថ្មីៗនេះ ចិន បានផ្តល់នូវជំនួយមនុស្សធម៌ដែលមានតម្លៃ ២០លានយ័ន សម្រាប់ជួយដល់ជនភៀសសឹក ដោយ សារការឈ្លានពានរបស់ថៃ ៕ ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច