ខេត្តប៉ៃលិន៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញលោកអនុសេនីយ៍ឯក យុទ្ធ ឧត្ដម នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំបញ្ជាកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
វត្ថុតាងចាប់យក -គ្រឿងញៀន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១ កញ្ចប់តូច ទម្ងន់ ០.១១, ទូរស័ព្ទចំនួន ៤ គ្រឿង, ម៉ូតូចំនួន ២ គ្រឿង, អំពូលជក់ ២, ថង់ច្រកថ្នាំញៀន ១ដុំ, បំពង់បឺត ១ដុំ, ដែកកេះចំនួន ៣។
បច្ចុប្បន្នជនសង្ស័យខាងលេី និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច