ប្រទេសថៃ៖ ស្ត្រីជាជនជាតិខ្មែរម្នាក់ដែលមានស្រុកកំណើតនៅក្នុងខេត្តបាត់ ដំបងត្រូវបានប្តីដែលជាជនជាតិថៃអារកសម្លាប់រួចបុរសជាប្ដីនោះក៏បានអារកខ្លួន ឯងស្លាប់តាមប្រពន្ធដែរ។ ហេតុការណ៍នេះបានធ្វើឡើងនៅក្រោមក្រសែភ្នែកកូនស្រី ខណៈដែលស្វាមីបានសើុបដឹងថា ភរិយារបស់ខ្លួនលបលួចមានសហាយ ស្មន់ជាមួយនឹងប្រុសថ្មី ។
យោងតាមរបាយការណ៍របស់តម្រួតថៃបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ លោក ថាវី សារីអ៊ួន មេភូមិ៣ បានរាយការណ៍ទៅសមត្ថកិច្ចថា មានករណីឃាតកម្មមួយបានកើតឡើងក្នុងលំនៅឋាន មួយកន្លែងក្នុងភូមិរបស់លោកដែលស្ថិតក្នុងឃុំឆងគុំ ស្រុកវឌ្ឍនាណាខន ខេត្ត ស្រះកែវ ប្រទេសថៃ ។
លោកមេភូមិ៣បានលើកឡើងថា កាល ពីថ្ងៃទី៥ ខែតុលា មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ រិន តេជៈ ភេទស្រី អាយុ៣៩ឆ្នាំ ដែល ជាជនជាតិខ្មែរ រស់នៅខេត្តបាត់ដំបង ហើយ បានមករស់នៅក្នុងភូមិនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយសារតែនាង បានស្វាមីជាជនជាតិថៃនៅក្នុងតំបន់នេះ គឺនាងបានមកប្តឹងថា រូបនាងត្រូវបានស្វាមីវាយធ្វើបាបស្ទើរតែរៀងរាល់ថ្ងៃនៅពេលដែលគេត្រឡប់មកពីធ្វើការវិញ ។
លោកមេភូមិបានបន្តថា ក្រោយមកលោកក៏បានហៅស្វាមីរបស់នាងឈ្មោះ ថា តេជៈ អាយុ៤៥ឆ្នាំ មកណែនាំនិងអប់រំឲ្យបញ្ឈប់សកម្មភាពហិង្សាទាំងនេះ ព្រោះ វាជាអំពើខុសច្បាប់។ នៅពេលនោះដែរ ឈ្មោះ ថា តេជៈ ក៏ទទួលស្គាល់កំហុសរបស់ខ្លួនដោយគេបានសន្យាថានឹងមិនធ្វើបែបនេះតទៅទៀតនោះឡើយ ។
ដោយឡែកស្ត្រីជាម្តាយរបស់បុរសជាស្វាមីឈ្មោះ ច័ន្ទ តេជៈ អាយុ៧០ឆ្នាំ បាន និយាយថា កូនប្រុសរបស់គាត់បានយក នារីខ្មែរធ្វើជាភរិយាជាយូរឆ្នាំមកហើយ រហូតបានកូន២នាក់ ប្រុសម្នាក់ស្រីម្នាក់ ដោយកាលពី២ថ្ងៃមុនកូនប្រុសបានទូរស័ព្ទ មកសួរសុខទុក្ខគាត់ផងដែរ ។
ស្ត្រីជាម្តាយបានបន្តថា នៅមុនពេល កើតហេតុកូនប្រុសរបស់គាត់បានមកលេងផ្ទះដោយនៅពេលនោះដែរក៏មានការ ឈ្លោះប្រកែកគ្នាតមាត់ទៅវិញទៅមកយ៉ាងខ្លាំងដោយសារតែកូនប្រុសរបស់គាត់ បានចោទប្រកាន់ប្រពន្ធថា លួចទៅប្រព្រឹត្តអំពើផិតក្បត់ដោយមានប្រុសនៅខាងក្រៅ។ រីឯរូបគាត់បានត្រឹមតែអង្គុយស្តាប់ពីក្រៅ ផ្ទះតែប៉ុណ្ណោះ ព្រោះទោះបីជាហាមឃាត់យ៉ាងណាក៏វាមិនស្តាប់ដែរគឺមានតែចៅស្រីម្នាក់គត់ដែលនៅក្នុងផ្ទះនោះនៅមើលឪពុកម្តាយឈ្លោះគ្នា ។
រំពេចនោះក៏ស្រាប់តែឮក្មេងស្រីដែលជា ចៅរបស់គាត់បានស្រែកឆោឡោឡើងយ៉ាងខ្លាំងដោយនាងរត់ចេញមកខាងក្រៅផ្ទះព្រមទាំងបានយំស្រែកផងដែរធ្វើឲ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋដែល រស់នៅជិតខាង ព្រមទាំងលោកមេភូមិបានចូលទៅមើលក៏ស្រាប់តែឃើញប្តីប្រពន្ធទាំង២នាក់នេះបានដេកក្រាបលើគ្នាពោរពេញដោយឈាមជោកជាំហើយនៅក្នុងដៃស្តាំ របស់បុរសដែលជាស្វាមីមានក្តាប់កាំបិតចុងស្រួចប្រវែង៤តឹកយ៉ាងណែនក្នុងដៃ ។
ក្រោយពេលក្រុមតម្រួតថៃចុះទៅត្រួតពិនិត្យព្រមទាំងបានហៅសាក្សីមួយចំនួនមកសាកសួរផងនោះគឺកូនស្រីច្បងរបស់ ជនរងគ្រោះទាំង២បាននិយាយអំពីសកម្មភាពរបស់ឪពុកម្តាយវាថា នៅពេលដែល កំពុងឈ្លោះគ្នានោះ ស្រាប់តែឪពុកបាន ស្ទុះទៅច្របាច់កម្តាយយ៉ាងខ្លាំង ហើយក៏បានទាញកូនកាំបិតចុងស្រួចមកអារក ម្តាយដួលស្លាប់ភ្លាមៗរួចហើយទើបគាត់បានអារកខ្លួនឯងតាមក្រោយដែរ ។
ប្រភពក្រៅផ្លូវការមួយចំនួនទៀតបាន បង្ហើបឲ្យដឹងថា ការសម្លាប់ប្រពន្ធនិងសម្លាប់ ខ្លួនឯងនេះបន្ទាប់ពីស្វាមីបានសើុបដឹងថាប្រពន្ធរបស់ខ្លួនផិតក្បត់ទៅសហាយស្មន់ជាមួយប្រុសថ្មីទើបឈានដល់ការបង្កើត ករណីឃាតកម្មនេះឡើង ។
ក្រោយពេលសមត្ថកិច្ចត្រួតពិនិត្យ និងធ្វើកោសល្យវិច័យគឺបានបញ្ជាក់ថា បំពង់ ខ្យល់នៃបំពង់ករបស់ពួកគេទាំងពីរនាក់ប្តី ប្រពន្ធស្ទើរតែដាច់ទៅហើយដែលទទួល រងផ្លែកាំបិតដ៏មុតស្រួចនេះ។ ក្រោយមក ក្រុមគ្រួសារ និងសមត្ថកិច្ចបាននាំយកសពទៅតម្កល់ធ្វើបុណ្យនៅឯវត្តក្នុងភូមិខាងលើ។ ចំណែកសពស្ត្រីជាភរិយាដែលជា ជនជាតិខ្មែរគេមិនទាន់ដឹងថា តើគេត្រូវ បញ្ជូនមកកាន់ខេត្តបាត់ដំបងដើម្បីប្រគល់ឲ្យក្រុមគ្រួសារ ឬក៏ត្រូវបូជានៅក្នុងខេត្ត ស្រះកែវនោះទេ ៕ ហេង នរិន្ទ្រ