ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាន់មីនដាច់ជើង ខណៈនាំអ្នកភូមិដើរជីកទំពាំង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់ដើរប៉ះចំមីនស្មាច់ សល់ពីសម័យសង្គ្រាម ខណៈនាំអ្នកភូមិដើរជីកទំពាំងប្ញស្សី នៅលើភ្នំមួយ ដែលមានចម្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ បណ្តាលឲ្យដាច់ជើងស្តាំ ត្រូវបានគេបញ្ជូបទៅមន្ទីរ ពេទ្យ ដើម្បីជួយសង្គ្រោះ។

ហេតុការណ៍ជាន់មីននេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ តុលា ស្ថិតនៅចំណុចភ្នំទ្រុងមាន់-ទ្រុងទា ស្ថិតនៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្ត្រីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គឹម ភឿន អាយុ៤៦ឆ្នាំ មុខរបរជាកសិករ មានប្រពន្ធឈ្មោះ ទូច នាង អាយុ៤០ឆ្មាំ មុខរបរជាកសិករ ទំាង២នាក់រស់នៅភូមិ-ឃុំខាងលើ។តាមប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំអ្នកភូមិ ប្រមាណ៥-៦នាក់ ចូលឡើងលើភ្នំហើយជីកទំពាំងយកមកលក់ ដើម្បីជីវភាព។ ប៉ុន្តែជាអកុសល ជនរង គ្រោះបានដើរប៉ះចំមីន បណ្តាលរងរបួសដាច់ជើងស្តាំ តែអ្នកភូមិដែលទៅជាមួយ មិនមានរងរបួសនោះទេ។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា ជនរងគ្រោះបានជាន់មីនស្មាច់ ដែលបានបន្សល់ទុកតាំងពីសម័យ សង្គ្រាម។

មន្ត្រីដដែលបានបន្តថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចូលទៅក្នុងព្រៃ ឬចំការ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនជាប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ចៀសវាងការមានគ្រោះថ្នាក់ជាយថាហេតុ ដូចករណីខាងលើនេះ៕ ស សារ៉េត

as-2 as as-1


ចែករំលែក៖