បច្ចុប្បន្នក្រុមហ៊ុនស៊ិនធីអិលនាំចូលត្រីពីប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដោយបង់ពន្ធមិនគ្រប់កំពុងធ្វើឲ្យអាជីវករនិងឈ្មួញតូច តាចមួយចំនួនរិះគន់យ៉ាងខ្លាំង ហើយចោទថាក្រុមហ៊ុននេះឃុបឃិតជាមួយមន្ត្រី ជំនាញ ជាពិសេសមន្ត្រីរដ្ឋបាលជលផលដែលប្រព្រឹត្តអំពើពុករលួយ ។
ក្រុមអាជីវករនិងឈ្មួញដែលរកស៊ីនាំចូលត្រីដូចគ្នាបានឲ្យដឹងថា ចាប់តាំងពីក្រុម ហ៊ុនស៊ិនធីអិលមកប្រកួតប្រជែងនៅទីនេះធ្វើឲ្យពួកគាត់បាត់បង់អតិថិជនអស់យ៉ាងច្រើន។ ដោយហេតុថា អតិថិជនដែលធ្លាប់ទិញត្រីពីពួកគាត់យកទៅលក់បន្តពួកគេទៅយកត្រីពីក្រុមហ៊ុនស៊ិនធីអិលជំនួសវិញដោយមានតម្លៃទាបជាង ។
ប្រភពបានឲ្យដឹងថា មកពីក្រុមហ៊ុនស៊ិនធីអិលមានការឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយនាំចូលត្រីបង់ពន្ធមិនគ្រប់ទើបគេអាចលក់ទៅឲ្យអតិថិជនក្នុងតម្លៃទាបជាងអាជីវករ និងឈ្មួញនានា។ សមត្ថកិច្ចតូចតាចខ្លះបានឲ្យដឹងថា ក្រុមហ៊ុន ស៊ិនធីអិលនាំចូលត្រីបង់ពន្ធជូនរដ្ឋត្រឹមតែ៥០ភាគរយប៉ុណ្ណោះទើបគេអាចលក់ត្រី ចេញទៅឲ្យអតិថិជនក្នុងតម្លៃទាបជាងអាជីវករ និងឈ្មួញដែលនាំចូលត្រីបង់ពន្ធជូន រដ្ឋត្រឹមត្រូវ ។
សមត្ថកិច្ចនៅច្រកជ្រៃធំជាច្រើនស្ថាប័នជាអ្នកបើកដៃឲ្យក្រុមហ៊ុនស៊ិនធីអិលនាំ ចូលត្រីបង់ពន្ធមិនគ្រប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយឈ្មួញនិងអាជីវករផផ្សេងៗ ទៀតកំពុងប្រឈមនឹងការលំបាកដោយសារតែមិនអាចប្រកួតប្រជែងស្មើភាពជាមួយក្រុមហ៊ុនស៊ិនធីអិល។ លើសនេះទៅទៀតដោយសារតែអំពើពុករលួយរបស់សមត្ថ កិច្ចនៅច្រកជ្រៃធំកំពុងធ្វើឲ្យអាជីវករ និងឈ្មួញដែលនាំចូលត្រីពីស្រុកយួនបង់ពន្ធ ត្រឹមត្រូវជូនរដ្ឋត្រូវប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេចៀសមិនផុតឡើយ ៕