ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦កន្លងមកនេះ បុរសពិការជើងម្ខាងម្នាក់ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយបុរសរូបជាប់ពាក់ព័ន្ធករណីកាប់រានដីព្រៃឈើនិងសង់រោងស្នក់នៅ បន្ទាប់ពីមន្រ្តីជំនាញសហការជាមួយកងកម្លាំងធ្វើការឃាត់ចាប់បញ្ជូនមក ។
គួររំលឹងថា ហេតុការណ៍មន្រ្តីជំនាញសហការជាមួយកងកម្លាំងពាក់ព័ន្ធបង្រ្កាបករណីកាប់រានដីព្រៃឈើឈានដល់ការឃាត់ចាប់ខ្លួនបុរសម្នាក់ ហើយត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នខាងលើកនោះ អនុវត្តន៍ឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្រែយក្យ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចចុះអនុវត្តន៍ការងារនេះប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ឌុច ឌៀប ភេទប្រុស អាយុ ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទៅធ្វើសកម្មភាពត្រង់ចំណុចកើតហេតុ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចខាងលើបន្តថា ជនសង្ស័យបានធ្វើសកម្មភាពដូចជាកាប់រានដីព្រៃឈើ និងសង់រោងស្នាក់នៅខុសច្បាប់ ដែលមានទំហ៊ំផ្ទៃដីព្រៃទទឹងប្រមាណចំនួន ៣០ម៉ែត្រ គុណ នឹងបណ្ដោយប្រមាណចំនួន១៦០០ម៉ែត្រ ស្មើនឹងផ្ទៃក្រឡាប្រមាណចំនួន ៤៨,០០០ម៉ែត្រការេ និងចំនួន ៤,៨០ហិកតា ៕
ប៉ឹម ពិន