ព័ត៌មានទាន់ហេតុការណ៍៖

សង្គមស៊ីវិល កម្ពុជា–ចិន បន្តស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន៖ បើកការដ្ឋានផ្លូវបេតុងតភ្ជាប់ភូមិតានន–ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

(ស្រុកបាទី-ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅភូមិសាស្រ្តឃុំដូង ស្រុកបាទី បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង៦០៥ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីភូមិតាននទៅកាន់ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកបាទី មេឃុំដូងនិងក្រុមប្រឹក្សាឃុំដូង មេភូមិទាំង៨របស់ឃុំដូង ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានឃុំដូង ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១០០ រូប។

តំណាងប្រជាជនរស់នៅឃុំដូង លោក ណុប ទូច មេឃុំដូង បានថ្លែងដោយក្តីរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានសហការយ៉ាងជិតស្និទ្ធិជាមួយCFPDក្នុងការជ្រើសរើសឃុំដូងជាទីតាំងអនុវត្តគម្រោងនៃការកាត់បន្ថយភាពក្រីក្រ ហើយបានរួមចំណែកជាប់ជានិច្ចជាមួយរដ្ឋបាលឃុំដូងក្នុងការលើកកម្ពស់ជីវភាពកាន់តែប្រសើដល់ប្រជាជនឃុំដូង។ លោកមេឃុំបានបន្ថែមថា ប្រជាពលរដ្ឋក្នុងឃុំដូងមានសំណាងខ្ពស់ណាស់ ហើយទាក់ទងនឹងប្រជាជនភូមិតាននកាន់តែមានសំណាងដោយភូមិតាននត្រូវបានប្រសិទ្ធនាមថាជាភូមិគំរូមិត្តភាពកម្ពុជា-ចិន ហើយវឌ្ឍនភាពនៅក្នុងភូមិតាននបានផ្តល់កាលានុវត្តភាពនៃការអភិវឌ្ឍដល់ភូមិដទៃទៀត ជាក់ស្តែងការសាងសង់ផ្លូវបេតុងមួយខ្សែនេះបានធ្វើការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចរបស់ភូមិតាននដល់ភូមិស្វាយខម និងផ្តល់នូវភាពងាយស្រួល និងបង្កើនលក្ខខណ្ឌកាន់តែប្រសើរដល់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់ឃុំដូង។

ក្នុងនាមប្រជាជនទាំងអស់រស់នៅស្រុកបាទី លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានមានប្រសាសន៍ថា ស្រុកបាទីកំពុងទទួលបានការអភិវឌ្ឍយ៉ាងជាបន្តបន្ទាប់ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាទីដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាប្រធាន ហើយលោកអភិបាលស្រុកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងប្រពៃរវាងCFPD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានយកចិត្តទុកដាក់លើតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកក៏បានយកឱកាសនេះអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះឱ្យបានយូរអង្វែង ព្រោះផ្លូវបេតុងមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងទីផ្សារ ព្រមទាំងជួយកាត់បន្ថយការលំបាកក្នុងរដូវវស្សា។

ក្នុងនាមម្ចាស់ជំនួយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងខ្សែនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍជនបទ ហេីយគម្រោងនេះជាសមិទ្ធផលថ្មីបន្ថែមទៀតប្រកបដោយអត្ថន័យដែលបង្ហាញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងCFPD ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធ្វើដំណើរទេ ប៉ុន្តែជាផ្លូវនៃការអភិវឌ្ឍ ដែលនាំឱ្យមានការតភ្ជាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ រវាងសហគមន៍ក្នុងតំបន់។

គួរបញ្ជាក់ថា សមិទ្ធផលទាំងអស់នៅក្នុងភូមិតាននរួមមានផ្លូវបេតុងខ្វាត់ខ្វែង មានអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានស្ថានីយទឹកស្អាត មានអគាពហុបំណង មានអណ្តូងទឹក មានបៃតងភាព និងការអភិវឌ្ឍលើគ្រប់ទិដ្ឋភាពបានប្រសូតចេញពីកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង CFPD ហើយការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រនាព្រឹកនេះដែលត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយបន្ថែមទៀតសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការចូលដំណើរការសេវាសង្គម និងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចក្នុងសហគមន៍ឃុំដូងទាំងមូលឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

ប្រភព ៖ (CCFR)


ចែករំលែក៖