ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាបានឆ្លើយតបនឹងមតិលើកឡើងនៅក្នុងហ្វេកប៊ុករបស់សម្តេចក្រោយពីសម្តេចបានឧបត្ថម្ភថវិកាដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលប្រកួតឈ្នះក្រុមស្រីលង្កាក្នុងលទ្ធផលបច្ចេកទេស៤-០ដោយម្នាក់ៗទទួលបានប្រាក់១ពាន់ដុល្លារសរុបទាំងអស់មានចំនួន៣ម៉ឺន៤ពាន់ដុល្លារអាមេរិកកាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដែលលើកថា «សម្តេចលម្អៀងយកចិត្តទុកដាក់និងឧបត្ថម្ភតែកីឡាបាល់ទាត់មិនគាំទ្រចំពោះកីឡាប្រដាល់ និង កីឡាផ្សេងទៀត»។
ឆ្លើយតបជុំវិញការបញ្ចេញមតិខាងលើនេះសម្តេចតេជោ ហ៊ុន សែន បានសរសេរ បកស្រាយ និងពន្យល់នៅលើទំព័រទំនាក់ ទំនងសង្គមរបស់សម្តេចថាសមល្មមដល់ពេលដែល “ខ្ញុំចេញមកពន្យល់អំពីការលើកឡើងថាយកចិត្តទុកដាក់តែលើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត។ ប្រសិនបើលោកអ្នកទៅសួរទូរទស្សន៍ប៉ុស្តិ៍លេខ៥, CTN, បាយ័ន ដែលបានចាត់តាំងប្រកួតកីឡា ប្រដាល់ខ្មែរ និងបរទេសខ្ញុំតែងឧបត្ថម្ភ ជានិច្ចម្នាក់១.០០០ដុល្លារ ទោះចាញ់ក្តី ឈ្នះក្តី ។ ពេលនោះមិនមានក្រុមហ៊ុនឧបត្ថម្ភ ទេហើយការប្រកួតក៏មានមិនច្រើនដែរ។ ពេលនេះមានក្រុមហ៊ុនឧបត្ថម្ភហើយការប្រកួតក៏ច្រើនអ្នកចូលរួមប្រកួតក៏ច្រើនបងប្អូនដែលស្នេហាកីឡាប្រដាល់ក៏ចូលរួម ឧបត្ថម្ភដល់កីឡាករយើងផងដែរ”។
រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យ កំណត់ក្របខ័ណ្ឌប្រកួតថ្នាក់តំបន់និងអន្តរជាតិដើម្បីទទួលបានការលើកទឹកចិត្ត រហូតមានម៉ូតូអមដំណើរទៀតផង។ យើង បានកំណត់គ្រប់ប្រភេទកីឡាទាំងអស់ ដោយគ្មានការរើសអើង។ អ្វីដែលបងប្អូន ត្រូវគិតបើប្រដាល់វាយឈ្នះតែ១នាក់នៅក្រុមហ៊ុនទូរទស្សន៍១នឹងមានការឧបត្ថម្ភដោយក្រុមហ៊ុន តើត្រូវលើកទឹកចិត្តបែប ណា? បើខ្សែក្រវាត់ឬពានរង្វាន់នៃក្រុមហ៊ុនឯកជនគឺក្រុមហ៊ុនឯកជនទទួលខុសត្រូវ។ខ្ញុំធ្វើចលនាជាមួយក្រុមហ៊ុនឯកជនច្រើនណាស់ទើបមានចលនាបែបនេះកើត ឡើង។ ខ្ញុំមានការខកចិត្តដោយបងប្អូន យើងមួយចំនួនមិនយល់ពីលក្ខខណ្ឌដែលត្រូវទទួលបានការលើកទឹកចិត្តរហូតលើកឡើងថា កីឡាករឈ្មោះនេះទទួលបានខ្សែក្រវាត់ពិភលោកតែមិនបានទទួលរង្វាន់អ្វីសោះ។ខ្សែក្រវាត់ឬពានរង្វាន់ពិភពលោកឬអូឡាំពិកទឹកប្រាក់ត្រូវបានកំណត់ក្នុង អនុក្រឹត្យ។ ឯពិធីការត្រូវមានម៉ូតូចំនួន ១២គ្រឿងអមដំណើរដង្ហែមកកាន់វិមាន សន្តិភាពនិងដង្ហែកាត់វិមានឯករាជ្យ។ ឯណាខ្សែក្រវាត់ ឬពានរង្វាន់ពិភពលោក? មិនទាន់មានទេ បើប្រដាល់សូម្បីតែ SEA Games ក៏មិនទាន់មានមេដាយមាស១ផង។
ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានទទួលនិងបំពាក់មេដាយជូនវិរកីឡាការិនី ស៊ន សៀវម៉ី កីឡាករ សែន រ៉ាឌី និងកីឡាការិនី កែ ឡេង ដែលទាំង៣នាក់ សុទ្ធតែទៅប្រកួត ដោយមានការចាត់តាំងនិងប្រកួតក្នុងក្របខ័ណ្ឌដែលអន្តរជាតិទទួលស្គាល់ ហើយត្រូវប្រកួតជម្រុះរហូតដល់ជ័យជម្នះចុងក្រោយ។ បងប្អូនកីឡាករ-កីឡាការិនីគ្រប់ប្រភេទ កីឡាបងប្អូនប្រឹងប្រែងឡើង និងប្រកួតឲ្យបានត្រឹមត្រូវតាមក្របខ័ណ្ឌកំណត់កុំទៅប្រកួតស្ងាត់ៗ អត់ក្របខ័ណ្ឌហើយឲ្យមនុស្សមិនយល់ប្រកាសថាជាខ្សែក្រវាត់ពិភពលោករហូតទិតៀនថា រាជរដ្ឋាភិបាលលម្អៀងទៅរកតែបាល់ទាត់។ សុំការយោគយល់នូវការបកស្រាយខ្វះចន្លោះឬសរសេរខុសព្រោះកំពុងស្ថិតនៅបាងកក ប្រទេសថៃ៕ សារីម