ភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយបានប្រាប់ប្រពន្ធថាចុះទៅរាវខ្យង ដើម្បីធ្វើម្ហូបផងនិងក្លែមស្រាផងតែជាអកុសលបានរអិលជើងធ្លាក់ចូលទៅក្នុង រណ្ដៅដីជ្រៅមួយកន្លែងដែលឈ្មួញជីកយកអាចម៍ដីលក់បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹកបាត់។ ខណៈនោះប្រពន្ធនិងអ្នក ស្រុកភូមិបាននាំគ្នារាវរកដែរប៉ុន្តែរកមិន ឃើញនោះទេ។លុះ៣ថ្ងៃក្រោយមកគឺនៅៃថ្ងទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៨ព្រឹកទើបសាកសពអណ្ដែតឡើងនៅលើផ្ទៃទឹកក្នុងរណ្ដៅដីនោះដែលមានទីតាំង ស្ថិតនៅក្នុងភូមិ ក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ ។
សាកសពបុរសរងគ្រោះខាងលើនោះ មានឈ្មោះ សាន វិចិត្រ អាយុ៣២ឆ្នាំ មុខរបរជាកម្មករលីសែងនៅក្នុងផ្សារនាគមាសមានប្រពន្ធឈ្មោះ ជា រស្មី អាយុ២៩ ឆ្នាំ មុខរបរកសិករនិងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ។
បើតាមសម្ដីប្រពន្ធជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺវេលាល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ប្ដីរបស់គាត់(ជនរងគ្រោះ)បានផឹកស្រារហូតស្រវឹងជោកហើយបានប្រាប់គាត់ថាទៅរាវខ្យងដើម្បីយកមកធ្វើម្ហូបនិងក្លែមស្រា។
ភ្លាមនោះបុរសជាប្តីក៏ចេញពីផ្ទះទៅបាត់ហើយ ខណៈចុះរាវខ្យងប្តីក៏បានរអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅដីបណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹក។ដោយបាត់ប្តីយូរពេកគាត់និងកូនរួមទាំងអ្នកស្រុកភូមិបាននាំគ្នាចុះទៅរាវរកប៉ុន្តែរកមិនឃើញ។
លុះ៣ថ្ងៃក្រោយទើប ប្រទះឃើញសាកសពប្តី អណ្ដែតនៅលើទឹករណ្ដៅដីនោះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលខណ្ឌដង្កោបានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យមើលជាក់ ស្ដែងនិងរាយការណ៍ជូននគរបាលបច្ចេកទេសជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យរួច បានប្រគល់សពឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ