ព័ត៌មានទាន់ហេតុការណ៍៖

សិស្សជាប់បាក់ឌុបពិន្ទុខ្ពស់១០រូបនៅខេត្តស្វាយរៀងទទួលបានកុំព្យូទ័រយួរដៃហើយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សិស្សជាប់បាក់ឌុប១០នាក់នៅខេត្តស្វាយរៀងដែលមាន លំដាប់ពិន្ទុខ្ពស់ជាងគេទទួលបានកុំព្យូទ័រយួរដៃ(Laptop) ជាស្ថាពរពីព្រះអង្គនី សុវណ្ណមុនីរ៉េត ។ ពិធីប្រគល់ជូននេះបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែ តុលា ស្ថិតនៅសាលាស្រុកស្វាយជ្រំនៃខេត្ត ស្វាយរៀងក្រោមការចូលរួមពីសំណាក់លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌល ស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្តជាច្រើនរូប។

ជាគោលបំណងតាមការសន្យាព្រះតេជ គុណនី សុវណ្ណមុនីរ៉េត បានសម្រេចផែនការប្រគល់ជូននូវកុំព្យូទ័រដល់សិស្សប្រឡងជាប់បាក់ឌុបនៅខេត្តស្វាយរៀងជាស្ថាពរដែលសិស្សទាំងនោះមានពិន្ទុខ្ពស់ជាងគេក្នុងខេត្តខាងលើ ។

លោក ហ៊ាន ចាន់វាសនា អ្នកតំណាងព្រះ តេជគុណ នី សុវណ្ណមុនីរ៉េត បានបញ្ជាក់ថានេះជាការលើកទឹកចិត្តដល់សិស្សានុ សិស្សដែលខិតខំសិក្សារៀនសូត្រម្យ៉ាងដោយសារព្រះអង្គមានដើមកំណើត មកពីខេត្តស្វាយរៀង ទើបចង់ផ្ដល់រង្វាន់ឲ្យសិស្សប្រលងថ្នាក់ទី១២ នៅក្នុងខេត្តនេះ ដើម្បីលើកទឹកចិត្តឲ្យពួកគេខិតខំរៀនសូត្របន្ត។លោកបន្តថារង្វាន់កុំព្យូទ័រ Laptop ថ្មីទាំង១០គ្រឿង គឺសម្រាប់ផ្ដល់ឲ្យសិស្សជាប់បាក់ឌុបដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេទាំង១០នាក់ក្នុងខេត្តស្វាយរៀងដោយមិនគិតពីនិទ្ទេសឡើយ។

នាឱកាសនោះលោកស្រីដួង វណ្ណា បានថ្លែងអំណរគុណដល់ព្រះអង្គនី សុវណ្ណ មុនីរ៉េត ដែលមានសន្តោនចិត្តជួយលើកទឹកចិត្តដល់ក្មួយៗទើបប្រឡងបាក់ឌុបជាប់ ។ លោកស្រីក៏បានផ្តាំផ្ញើឲ្យក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនជួយឲ្យម្ចាស់ទានមានចិត្តត្រេកអរ និងធ្វើជាគំរូល្អក្នុងសង្គមដោយរៀនចេះដឹងត្រូវចេះជួយសង្គមជាតិយើង ឱ្យរីកចម្រើន។ លោកស្រីថានេះជាសមត្ថភាពពិតឥតក្លែងបន្លំដែលក្មួយៗដណ្តើមបានហើយរំពឹងថាក្មួយៗនឹងជួយបង្រៀនប្អូនៗជំនាន់ក្រោយឱ្យបានល្អព្រមទាំងផ្តាំដល់ប្អូនៗប្រឡងបាក់ឌុបរដូវកាលខាង មុខខំរៀនយកនិទ្ទេសល្អឲ្យបានព្រោះយើងមានការលើកទឹកចិត្តជាបន្តទៀត។

គួរបញ្ជាក់ដែរថាសិសស្សទាំង១០រូបដែលទទួលបានរង្វាន់ខាងលើមានដូចជាសិស្សឈ្មោះមឿន ធូ មកពីវិទ្យាល័យ ពោធ៌ធំ, ឈ្មោះហេង ថែ មកពីវិទ្យាល័យ ស្វាយជ្រំ, ឈ្មោះខន សុបញ្ញា មកពីវិទ្យា ល័យស្វាយជ្រំ, ឈ្មោះសោត ឧត្តមពិសិដ្ឋ មកពីវិទ្យាល័យស្វាយជ្រំ, ឈ្មោះទឹម សុខា មកពីវិទ្យាល័យស្វាយជ្រំ, ឈ្មោះដួង ថារី មកពីវិទ្យាល័យ ស្វាយជ្រំ, ឈ្មោះសាំ សឹង្ហន មកពីវិទ្យាល័យ ពោធ៌ធំ, ឈ្មោះឆាយ សាន មកពីវិទ្យាល័យ ស្វាយជ្រំ, ឈ្មោះឌុល ឆាន់ មករា មកពីវិទ្យាល័យក្រោលគោ និងឈ្មោះ ប្អូនសុខ វិចិត្ត មកពីវិទ្យាល័យ ស្វាយជ្រំ ៕ វឌ្ឍនា

abc abc-1 abc-2


ចែករំលែក៖