ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួប និងពិភាក្សាការងារជាមួយ លោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងសហការី នៅសាលប្រជុំ គ.ស.ម.ក នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ មុនពេលចាប់ផ្តើមការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ គ.ស.ម.ក. បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ដោយបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។ គ.ស.ម.ក. បានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារ ជាដើម។

ជាកិច្ចបន្ត លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការសាទរចំពោះសមិទ្ធផល ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក ជាពិសេស ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ អនុសាសន៍និងរបាយការណ៍សិទ្ធិមនុស្ស ព្រមទាំងកម្មវិធីបណ្ដុះបណ្ដាលកសាងមត្ថភាពមន្រ្តីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់ គ.ស.ម.ក. ជាដើម។ ទន្ទឹមនេះ លោក Benjamin Moreau ក៏បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ គ.ស.ម.ក. ជាមួយនឹង OHCHR។

បន្ថែមលើនេះ សម្រាប់ឆ្នាំ២០២៦  ភាគីទាំងពីរនឹងសហការលើវិស័យអទិភាពចំនួន៥ រួមមាន៖ (១) ការអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)  (២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) (៣) ការបន្តផ្តល់សម្ភារៈនិងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៤) ការកសាងសមត្ថភាពមន្រ្តីរាជការ  និង (៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

ជាចុងក្រោយ ភាគីទាំងពីបានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង៕

ដោយ៖សិលា


ចែករំលែក៖