ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពលួចរថយន្តរបស់ប្រជាពលរដ្ឋបានសម្រេចពីម្តុំផ្សារត្រពាំងក្រឡឹង ហើយព្យាយាមបើករត់គេចខ្លួនទៅជាប់អន្ទាក់សមត្ថកិច្ចនៅផ្សារត្រែងត្រយឹង ។
ការឃាត់ខ្លួនជនសង្ស័យលួចរថយន្តប្រជាពលរដ្ឋ កើតឡើងកាលពីព្រលប់ថ្ងៃទី២០ មករា ឆ្នាំ២០២៦ នៅម្តុំផ្សារត្រែងត្រយឹង ក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ជនសង្ស័យលួចរថយន្តដែលឃាត់ខ្លួនបានមានឈ្មោះសឿន សុវណ្ណរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអូរល្វា ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចឱ្យដឹងថា នៅមុនពេលឃាត់ជនសង្ស័យខាងលើ នៅវេលាម៉ោង៦ និង៥០នាទីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានឈ្មោះ ម៉ៅ ហួត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច បានមកដាក់ពាក្យប្ដឹងទៅលើជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចរថយន្ដរបស់ខ្លួនទៅបាត់ ។
នៅក្នុងពាក្យបណ្តឹងកាលពីវេលាម៉ោង៦ និង៤០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ (មើលតាមកាមេរ៉ាសុវត្ថិភាព) បានដើរពីទិសខាងលិច មកដល់ចំណុចមុខផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពដើរមកបើកទ្វាររថយន្តមួយគ្រឿងម៉ាក TOYOTA COROLLA ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ2V-3308 ខណៈដែលម្ចាស់រថយន្តនៅក្នុងផ្ទះ (សោនៅជាប់រថយន្ដ) ក៏បានចូលបញ្ឆេះរថយន្តបើកសំដៅទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ៤បាត់ទៅ ។
នគរបាលស្រុកភ្នំស្រួចបន្តឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់រថយន្ត សមត្ថកិច្ចបានបោះដៃរាយការណ៍តាមអាយកូម រហូតដល់ចំណុចគីឡូម៉ែត្រលេខ៨៧-៨៨ ស្ថិតនៅក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រូវបានកម្លាំងនគរបាលឃាត់រថយន្តនិងជនសង្ស័យបានតែម្តង ។ ក្រោយឃាត់ជនសង្ស័យបាន នគរបាលសាកសួរជន សង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព លួចរថយន្តខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច