ខេត្តកំពត៖ ដោយមានក្តីទុក្ខព្រួយជាពន់ពេក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី នៅគេហដ្ឋានរបស់វីរយុទ្ធជននៅខេត្តកំពត។
ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។
ឆ្លៀតក្នុងដំណេីរនេះ លោកជំទាវបណ្ឌិតថែមទាំងបានចូលសួរសុខទុក្ខលោកយាយរបស់វីរកងទ័ពកំពុងឈរជេីងនៅព្រំដែន ដោយមានភ្ជាប់ជូននូវអំណោយជាថវិកា សម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគជូនលោកយាយ និងចៅស្រីដែលរស់នៅមេីលថែយាយផងដែរ។
ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច