ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញ​ជនជាតិចិនម្នាក់ដេកស្លាប់ក្នុងរថយន្តនៅមុខផ្ទះ​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​សន្តិសុខ​យាម​បុរី​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​តូ​យ៉ូ​តូ​ព្រូស១​គ្រឿង​នៅ​មុខ​ផ្ទះ​របស់​គាត់​តែ​ម្ដង ដោយ​ពុំ​ដឹង​ថា គាត់​មាន​បញ្ហា​សុខភាព​គាំងបេះដូង​ស្លាប់ ឬ​ក៏​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ក៏​មាន​មូលហេតុ​ផ្សេង​ទៀត​នៅឡើយ​ទេ ហើយ​ជាក់ស្ដែង​រថយន្ត​របស់​គាត់​នោះ​បុក​ផ្ទប់​បង្គោល​ភ្លើង​ថ្ម ប៉ុន្តែ​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ហេតុការណ៍​ខាងលើ​ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុង​បូ​រី​ពិភព​ថ្មី​កួរស្រូវ​២ ស្ថិត​នៅ​ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ជនជាតិ​ចិន​ខាងលើ​នោះ​ ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ហើយ​គាត់​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-2507 ។

សន្តិសុខ​យាម​បុរី​ខាងលើ​ បាន​ប្រាប់​នគរបាល​ថា នៅ​វេលា​ម៉ោង​ខាងលើ​ ខណៈ​គាត់​ដើរ​ល្បាត​បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ខាងលើ​បុក​ផ្ទប់​ជាប់​បង្គោល​ភ្លើង ពេល​នោះ​គាត់​ក៏​ដើរទៅ​មើល ឃើញ​រថយន្ត​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ចំណែក​កញ្ចក់​ទ្វារ​ខាងឆ្វេង ​គឺ​ខាង​អ្នកបើកបរ​ចំហរ និង​ឃើញ​បុរស​ជនជាតិ​ចិន​រូប​នោះ​ដេក​ស្លាប់​ក្នុង​រថយន្ត​បាត់​ទៅ​ហើយ បន្ទាប់​មក​គាត់​ក៏​បាន​ទៅ​គោះ​ទ្វារផ្ទះ​ជនជាតិ​ចិន​រូប​នោះ ដែល​ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុ និង​ស្រែកហៅ​កូន​ជន​រង​គ្រោះ​ខាងលើ​ឲ្យ​ចេញ​មើល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

បើ​តាម​បុរស​ម្នាក់​ចេះ​និយាយ​ភាសា​ចិន បាន​ប្រាប់ថា គាត់​បាន​សួរនាំ​កូនប្រុស​ជន​រង​គ្រោះ កូនប្រុស​រូប​នោះ​បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​ៗ​នោះ​ ដើម្បី​ចង់​ដឹង​ថា​ ឪពុក​របស់​ខ្លួន​មានរឿង​អី តើ​ត្រូ​វគេ​សម្លាប់ ឬ​បែប​ណា ។

ពេល​សមត្ថកិច្ច​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព អត់​ឃើញ​មាន​នរណា​មក​ជាមួយ​ជន​រង​គ្រោះ​ទេ ហើយ​ពេល​គាត់​សួរ​ថា​ តើ​កន្លង​មក​អ្នក​ស្លាប់​ធ្លាប់​មាន​ជំងឺ​អី​ដែរ​ទេ? ហើយ​គាត់​ទៅ​ណា​មក​ណា​ដែរ ? កូន​រូប​ប្រុស​នោះ​បាន​ឆ្លើយ​ថា ឪពុក​ខ្លួន​អត់​ដែល​មាន​ជំងឺ​អី​ទេ ហើយ​ខ្លួន​ក៏​មិន​បានដឹង​ថា ​ឪពុក​ទៅ​ណា​,មក​ណា​នោះ​ដែរ ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស និង​នគរបាល​ខណ្ឌដង្កោ រួម​ទាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​តាម​ជំនាញ ៕


ចែករំលែក៖