ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក ក្រោមរូបភាពក្លែងបន្លំជាអ្នកបកប្រែ ផ្ដល់សេវាកម្មបកប្រែផ្នែកវិជ្ជសាស្រ្តនៅមន្ទីពេទ្យក្រៅប្រទេស និងឆបោកឱ្យផ្ទេរប្រាក់តាមគណនីធនាគារ!

ចែករំលែក៖

ភ្នំពេញ:យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពបន្លំជាអ្នកបកប្រែជនរងគ្រោះដែលជាអ្នកជម្ងឺទៅព្យាបាលជំងឺនៅក្រៅប្រទេស និងឆបោកជនរងគ្រោះឱ្យផ្ទេរប្រាក់តាមគណនីធនាគារ។ 

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជ.ល.ណ ភេទស្រី ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានយកគណនីធនាគាររបស់ខ្លួនធ្វើសកម្មភាព ឆបោកជនរងគ្រោះ ដើម្បីទទួលផលពីអំពើទុច្ចរិតខាងលើនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នពេលទៅសម្រាកព្យាបាលជម្ងឺ និងមានតម្រូវការសេវាកម្មបកប្រែនៅមន្ទីពេទ្យក្រៅប្រទេស  មុនធ្វើការទូទាត់ប្រាក់ព្យាបាលជម្ងឺ សូមបញ្ជាក់ និងពិនិត្យអោយបានច្បាស់លាស់ ជៀសវាងមានជនខិលខូចក្លែងបន្លំ ឯកសារមន្ទីពេទ្យដើម្បីឆបោក ឲ្យផ្ទេរតាមគណនីធនាគារមិនស្គាល់ប្រភពច្បាស់លាស់ ដែលបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាយថាហេតុ៕ជ្រោយពេជ្រ


ចែករំលែក៖