ខេត្តក្រចេះ៖ រោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិយ៉ាងធំ លើផ្ទៃដីដំណាំកៅស៊ូជាង ៣ពាន់ហិកតា ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតការងារ បង្កើនតម្លៃផលិតផលមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទនៃស្រុកស្នួលបន្ទាប់ពីមានការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ទទួលបានការវិនិយោគនិងមានការសាងសង់ឡើង។
គម្រោងវិនិយោគនេះ ត្រូវបានអនុវត្តដោយ ក្រុមហ៊ុន V-KETI ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ លើផ្ទៃដីសរុប ៣.៨៣៣,៣២ ហិកតា មានទីតាំងនៅ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
នៅឆ្នាំ ២០២៦នេះ ក្រុមហ៊ុនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យវិនិយោគសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ដើម្បីបម្លែងផលិតផលកសិកម្មដើមទៅជាផលិតផលឧស្សាហកម្មមានតម្លៃបន្ថែមទៀត។
ពិធីអនុញ្ញាត និងប្រកាសគម្រោងនេះ បានប្រារព្ធឡើងនាថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងកម្មករ–និយោជិកជាច្រើននាក់ផងដែរពោរពេញដោយការរំពឹងទុក និងទំនុកចិត្តលើអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោក គង់ គឹមនី បានបញ្ជាក់ថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ មិនត្រឹមតែជួយ ជំរុញកំណើនវិស័យឧស្សាហកម្ម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ បង្កើនស្ថិរភាពសេដ្ឋកិច្ច បង្កើតការងារនៅក្នុងស្រុក និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅរកការងារនៅក្រៅតំបន់។
លោកក៏បានលើកឡើងផងដែរថា ការកែច្នៃជ័រកៅស៊ូក្នុងស្រុក គឺជាចំណុចសំខាន់ក្នុងយុទ្ធសាស្ត្រកសិឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ដោយជួយកាត់បន្ថយការនាំចេញវត្ថុធាតុដើមឆៅ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។
យោងតាមទិន្នន័យគិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ កម្ពុជាមាន រោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូ សរុបចំនួន ១៧៩កន្លែង ដែលកើនឡើង ៦កន្លែង បើប្រៀបធៀបនឹងឆ្នាំ២០២៣។
ក្នុងនោះរួមមាន៖
រោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង
រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង
សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង
រោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង
រោងចក្រទាំងនេះ បានផ្តល់ ការងារជាង ១៤ម៉ឺនកន្លែង និងជួយទ្រទ្រង់ជីវភាពគ្រួសារប្រជាពលរដ្ឋប្រមាណ ៤២ម៉ឺននាក់ ដែលបង្ហាញយ៉ាងច្បាស់ពីតួនាទីសំខាន់របស់វិស័យកៅស៊ូ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមជាតិ។
ក្នុងន័យក្រមសីលធម៌ និងវិជ្ជាជីវៈ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យក្រុមហ៊ុន V-KETI បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាលភាព សុវត្ថិភាព និងសិទ្ធិការងារ របស់កម្មករ–កម្មការិនី ដោយអនុវត្តតាមច្បាប់ការងារ ប្រកបដោយ ទឹកចិត្តមនុស្សធម៌ ទំនួលខុសត្រូវសង្គម និងភាពថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីឱ្យការអភិវឌ្ឍសេដ្ឋកិច្ចដំណើរការទៅមុខយ៉ាងចីរភាព និងមានសមតុល្យរវាងផលចំណេញ និងសុខុមាលភាពមនុស្ស។
ការមកដល់នៃរោងចក្រកែច្នៃជ័រកៅស៊ូនេះ ត្រូវបានចាត់ទុកថា ជា ជំហានថ្មីដ៏សំខាន់ សម្រាប់ស្រុកស្នួល និងខេត្តក្រចេះ ក្នុងការបម្លែងធនធានធម្មជាតិ និងកសិកម្ម ទៅជាមូលដ្ឋានរឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងចីរភាព ៕

ដោយ៖ជីវ័ន្ត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច