ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន
គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដដល់អ្នកវិនិយោគទីផ្សារ នៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន តម្រូវការរបស់ប្រជាពលរដ្ឋកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នោះដោយសារកំណើន សេដ្ឋកិច្ចរីកចម្រើន និងជីវភាពធូរធារប្រទេសជាតិ មានសុខសន្ដិភាព ស្ថេភាពនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ដោយបានធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ ជាមួយនិងការពង្រីកពាណិជ្ជកម្មកាន់តែធំឡើង។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ. កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជាពិតជាទទួលបានការជឿទុកចិត្ត ទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន ឡើង។ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ ។ការពង្រឹង ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាតិ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចំរើនបន្ថែមទៀតទៅថ្ងៃអនាគត់ គឺក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ដែលជាបំណង ប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។ ជាក់ស្តែងនៅពេលនេះ អ្នកវិនិយោគបានបង្កើតឱ្យមានមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ជាមួយនិងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិឱ្យមកលេងនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរូចជាស្រេច ទទួលអ្នកវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ច្ច ។
ដូច្នេះខ្ញុំសូមឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤និងសង្កាត់ទាំង ១០៥ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់និងអនាម័យ បរិស្ថានល្អ ដើម្បីជាការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ កាន់តែច្រើនបន្ថែមទៀត។
លោក លី ឃុនថៃ ទីប្រឹក្សាសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងជាប្រធានសមាគមន៍ សហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងផងដែរថា៖ ការបង្កើតឱ្យមានផ្សារទំនើបនេះ វានឹងធ្វើឱ្យមានការកើនឡើងនូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយក៏បានបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់អ្នកវិនិយោគ មកលើការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលជាថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច