ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសបង្កើត និងទទួលស្គាល់ “សមាគមអតីតនិស្សិតកម្ពុជាសិក្សានៅប្រទេសចិន និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន”

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបង្កើត «សមាគមអតីតនិស្សិតកម្ពុជាសិក្សានៅប្រទេសចិន» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ ពិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសលោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអតីតនិស្សិតយ៉ាងច្រើនកុះករ។

ពិធីប្រកាសបង្កើត និងទទួលស្គាល់ “សមាគមអតីតនិស្សិតកម្ពុជាសិក្សានៅប្រទេសចិន និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន” នេះ ផ្ដោតលើគោលបំណងសំខាន់ៗ រួមមាន៖

– ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពង្រឹងតាមរយៈការកសាង «សហគមន៍វាសនារួមក្នុងយុគសម័យថ្មី» និងផ្អែកលើស្មារតីជឿជាក់គ្នាទៅវិញទៅមក។

– កសាងកម្លាំងសាមគ្គីភាពដើម្បីអភិវឌ្ឍកម្ពុជាក្នុងចំណោមអតីតនិស្សិតប្រមាណ ២ ៥០០នាក់ (គិតចាប់ពីឆ្នាំ១៩៩៨ ដល់ ឆ្នាំ២០២៥) ដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន ដោយសមាគមថ្មីនេះនឹងក្លាយជាស្នូលយ៉ាងសំខាន់ក្នុងការ «រួបរួមគ្នាជាធ្លុងមួយ» ដើម្បីប្រមូលផ្ដុំចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស សំដៅបង្កើតជាកម្លាំងរួមដ៏ខ្លាំងក្លាក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការពារមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។

– បង្កើតស្ពានចម្លងសេដ្ឋកិច្ច និងវប្បធម៌ ដោយអតីតនិស្សិតទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបន្តដើរតួនាទីជាគំរូ និងជាអ្នកតភ្ជាប់ទំនាក់ទំនង ដើម្បីទាក់ទាញវិនិយោគិនចិនមកកាន់កម្ពុជាបន្ថែមទៀត សំដៅជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំក៏បានផ្ញើសារអបអរសាទរយ៉ាងកក់ក្ដៅ និងប្រសិទ្ធពរជ័យ សិរីសួស្ដី មហាប្រសើរ ជូនដល់ លោក ភ្ញៀវកិត្តិយស និងអតីតនិស្សិតទាំងអស់ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ជាមួយនឹងក្ដីសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នឹងបន្តរីកចម្រើនរឹងមាំជានិរន្តរ៍៕ដោយ​៖តារា​


ចែករំលែក៖