ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចេញម្រេចរបស់កម្ពុជា រកចំណូលបាន ៣១លានដុល្លារ ធ្លាក់ចុះ ១២% ក្នុងឆ្នាំ ២០២៥

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារ ពីការនាំចេញម្រេច នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំទឹកប្រាក់ ដែលមានទំហំទឹកប្រាក់ជាង ៣៥ លានដុល្លារ។

បើតាមកាតបញ្ជាក់ពីប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) លោក ម៉ាក់ នី បានមានប្រសាសន៍ថា តម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥ ០០០-២៦ ៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុនដោយ សារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។

សូមជម្រាបជូនថា ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។

ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា ម្រេចកម្ពុជា មានភាពល្បីល្បាញ ដោយសារការដាំដុះធម្មជាតិ និងដីមានជីជាតិ ម្រេចរបស់កម្ពុជា ៨១% ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម គឺខេត្តរតនគិរី ១៥% ខេត្តមណ្ឌលគិរី ២១% និងខេត្តត្បូងឃ្មុំ ៤៥%។

គួរបញ្ជាក់ថា ការនាំចេញម្រេចកម្ពុជា ទៅកាន់ពិភពលោកបានកើនឡើង ៣៧,៤៧% CAGR (២០២០-២០២៤) ជាមួយនឹង RCA ៥,០៦% ក្នុងឆ្នាំ ២០២៤ ដែលបង្ហាញពីភាពខ្លាំងឧត្តមភាពប្រៀបធៀបសម្រាប់ការនាំចេញ៕

ដោយ៖តារា


ចែករំលែក៖