ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោកត្រជាក់ល្ហឹម ករណីអ្នកលក់ដូររំលោភលើចិញ្ចើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ÷ រដ្ឋបាលខណ្ឌទួលគោកក្រោមការដឹកនាំរបស់លោកជា ពិសី មើលមិនឃើញទាល់តែសោះអំពីភាពអនាធិបតេយ្យនៃការលក់ដូរនៅជុំវិញមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យលោកសង្ឃ។ ទោះបីក្រុមអ្នកលក់ដូរស្ទើរយកទ្រូងផ្លូវដើម្បីធ្វើអាជីវកម្មយ៉ាងណាក៏ដោយក៏អាជ្ញាធរធ្វើហាក់ដូចជាមើលមិនឃើញ។ ការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថាតិចលោ”បានលិឍ” ទេដឹង?

ប្រជាពលរដ្ឋសង្កេតឃើញថា បណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះចាប់ផ្ដើមបញ្ចេញកណ្ដាប់ដៃក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាពិសេសការលក់ដូរអនាធិបតេយ្យនៅលើដងផ្លូវ។ ដោយឡែក អាជ្ញាធរខណ្ឌទួលគោកនៅតែព្រងើយកន្តើយធ្វើមិនដឹងមិនឮក្នុងផលប្រយោជន៍ណាមួយដែលបានមកអំពីភាពអនាធិបតេយ្យនៃការបាត់បង់សណ្តាប់ធ្នាប់នៅលើដងផ្លូវនេះ។

ប្រសិនបើមិនបានទទួលលាភសក្ការៈ អំពីបញ្ហានៅលើចិញ្ចើមផ្លូវនោះទេ ម៉្លេះសាលាខណ្ឌបញ្ចេញកម្លាំងទៅបោសសម្អាតទីតាំងទាំងនេះហើយ។ ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាប់របងខាងត្បូងមន្ទីរពេទ្យព្រះកុសមៈឬពេទ្យលោកសង្ឃ ក៏ដូចជានៅជុំវិញមន្ទីរពេទ្យកុមារជាតិ គេមិនឃើញអាជ្ញាធរខណ្ឌទួលគោកចុះទៅរៀបចំសណ្តាប់ធ្នាប់នោះឡើយ បើទោះបីជា អ្នកលក់ដូរបានដាក់តាំងទំនិញស្ទើរដល់ពាក់កណ្ដាលទ្រូងផ្លូវហើយក៏ដោយ។

ភាពស្ងៀមស្ងាត់របស់អាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋទូទៅមានមន្ទិលសង្ស័យថា ទំនងជាបានសើមមាត់ចំពោះភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់នៅលើដងផ្លូវនោះហើយ។ ជាមួយគ្នានោះក៏មានលេចឮមាត់ចាបមាត់ព្រាបខ្សឹបខ្សៀវថា បើមិនបង់លុយឲ្យទេ ពិតជាមិនអាចលក់ដូរអនាធិបតេយ្យ ហៀរហូរលើចិញ្ចើមផ្លូវដោយសេរីយ៉ាងនេះបានឡើយ។ គេខ្សឹបទៀតថា គឺមានលោកអភិបាលរងខណ្ឌម្នាក់ជាអ្នកទទួលខុសត្រូវក្នុងរឿងភាពអនាធិបតេយ្យនេះ។

ប្រជាពលរដ្ឋស្ទើរតែទាំងអស់ដែលមើលឃើញទិដ្ឋភាពនៃភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់និយាយថា អាជ្ញាធរខណ្ឌទួលគោកមើលងាយទឹកចិត្តប្រជាពលរដ្ឋខ្លាំងណាស់៕


ចែករំលែក៖