ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវចំពោះលោកស្រីនាយរងផ្នែកចរាចរណ៍ខណ្ឌសែនសុខម្នាក់ និងអញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញ ពាក់ព័ន្ធករណីយកចិនតៃវ៉ាន់លុយចំនួន១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច)

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្មីៗនេះក្រោយពីឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា: ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្រ្តីចរាចរនៃអធិការនគរបាលខណ្ឌសែនសុខ ដោយរងការចោទប្រកាន់ថាបានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។

បន្ទាប់មកម្ចាស់ទាមទារយកលុយទាំងនោះមកវិញតែមន្រ្តីនគរបាលចរាចរខាងលើមិនព្រមប្រគល់លុយទាំងនោះមកម្ចាស់ដើមវិញនោះឡើយ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ចំពោះលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ គឺត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីយកលុយចំនួន១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦៕

ដោយ៖តារា


ចែករំលែក៖