ភ្នំពេញ ៖ ជនដៃដល់ម្នាក់ដែលចាក់មិត្តភ័ក្រខ្លួនឯងអោយរបួសនៅវង់ផឹកស៊ី កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦កន្លងមកនៅចំណុចផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមរត់គេចខ្លួនរហូតមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ទើបកម្លាំងនគរបាកឃាត់ខ្លួនបាន ។
សមត្ថកិច្ចឲ្យដឹងថា ជនដៃសង្ស័យមានឈ្មោះ ជៀវ ចឺត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួល ភូមិកើតហេតុ ក្បែរខាងគ្នា មានស្រុកកំណើត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានឃាត់ខ្លួន ។ ចំណែកជនរងគ្រោះ ឈ្មោះ ធន់ វ៉ាន់ដា ហៅ ឌីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិល្វាចោម ឃុំ ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួស ត្រូវចំដើមទ្រូងពីចំហៀងឆ្វេង សន្លប់បាត់ស្មារតី ក្រោយកើតហេតុ ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះ និងជនបង្ករួមមានមិត្តភក្តិសរុបចំនួន៧នាក់ ជួបជុំគ្នាផឹកស៊ី ហើយកើតរឿងទំនាស់ក្នុងវង់ដែលកំពុងផឹក រវាងជនរងគ្រោះនិងជនបង្ក ដោយសារទំនាស់រឿងអំពូលភ្លើង ហើយឈានទៅដល់ជនបង្កយកទុរឺវីសមុខស្រួចចាក់ទៅលើជនរងគ្រោះ ដេកដួលក្នុងថ្លុកឈាម ។ ក្រោយកើតហេតុ ទោះជាមិត្តភក្តិរបស់ជនរងគ្រោះ ហាក់បីដូចជាលាក់លៀមរឿងកំបាំងយ៉ាងណា ក៏ដោយ ជនរងគ្រោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវបាន រថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកជនបង្កបានរត់គេចខ្លួន ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីខ្លួន ធូរស្រាលចេញពីមន្ទីរពេទ្យវិញ ប្រទះឃើញជនបង្កចូលផ្ទះ ទើបប្តឹងនគរបាលចាប់ឃាត់ខ្លួនតែម្តង ។
បើតាមសម្តីជនបង្កវិញបានឲ្យដឹងថា ខណៈដែលខ្លួនកំពុងផឹកស៊ីជួបជុំគ្នាគ្រាថ្ងៃកើតហេតុ កើតជម្លោះជាមួយជនរងគ្រោះជាមិត្តភក្តិ រឿងអំពូលភ្លើង ហើយជនរងគ្រោះ វាយក្បាល ខឹងពេកទ្រាំលែងបាន យកទុនឺវីសចាក់ទៅលើជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុង សាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ