ខេត្តកណ្តាលៈ ការដ្ឋានសាងសង់ស្ពានតាមបណ្តោយផ្លូវជាតិលេខ២១បេ បានឆក់យកអាយុជីវិតបុរសម្នាក់ទៀតហើយ កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានសាងសង់ស្ពានព្រែកអុងប៉ាង (ស្ពានលេខ១៨) តាមបណ្តោយផ្លូវលេខ២១បេ ស្ថិតក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
គួររំឮកថា ចាប់តាំងពីដំណើរការសាងសង់ផ្លូវ និងស្ពានតាមបណ្តោយផ្លូវជាតិលេខ២១បេ អស់រយៈពេលជាច្រើនខែកន្លងមកនេះ មានមនុស្ស៤នាក់បាត់បង់ជិវិត ម្នាក់ទៀតរងរបួសធ្ងន់ដោយសារបើកម៉ូតូធ្លាក់ចូលទៅក្នុងការដ្ឋាន៣ករណីផ្សេងៗគ្នា ។ ករណីទី១-បុរស២នាក់បងប្អូនបង្កើតបើកម៉ូតូឌុបគ្នាជ្រុលចង្កូតធ្លាក់ចូលស្ពានព្រែកមេស្រុក ស្ថិតក្នុងស្រុកស្អាង ករណីទី២-បុរស២នាក់បើកម៉ូតូឌុបគ្នាជ្រុលចង្កូតធ្លាក់ចូលទៅក្នុងការដ្ឋានលូកាត់ទទឹងផ្លូវជាតិលេខ២១បេ ម្តុំក្លោងទ្វារចូលវត្តក្របៅ ស្ថិតក្នុងក្រុងតាខ្មៅ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិត រីឯអ្នករួមដំណើររងរបួសធ្ងន់ និងលើកទី៣-ជាករណីខាងលើនេះតែម្តង ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះឈ្មោះ អ៊ុត ធា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ កណ្តាល 1R-3024 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន ខណៈបើកដល់ចំណុចការដ្ឋានសាងសង់ស្ពានលេខ១៨ មានផ្លូវវាងជនរងគ្រោះមិនបានកាច់ចង្កូតតាមនោះទេ គឺជនរងគ្រោះបានបើកត្រង់បុកស្លាកសញ្ញាការដ្ឋានធ្លាក់ចូលទៅក្នុងរណ្តៅបោកក្បាលបាក់.កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្នម៉ូតូនិងសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរណ៍ស្រុកស្អាងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ