ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវ តាមដល់ស្រុកកងមាស ចាប់ ខ្លួនជនសង្ស័យម្នាក់ ក្នុងជម្លោះរឿងចូលបន្ទប់ទឹក ឈានដល់ករណីហិង្សា

ចែករំលែក៖

ភ្នំពេញ៖ ជម្លោះរឿងចូលបន្ទប់ទឹក ឈានដល់ករណីហិង្សា ជនបង្កយកកាំបិតបុ័ងតោ កាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ រួចរត់គេចខ្លួនកើតហេតុកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៧ និង ០០នាទី ត្រង់ចំណុចទីតាំងលាងរថយន្តប៊្រីលាន ផ្លូវលេខ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលជាតិ រាជធានីភ្នំពេញ បានឲ្យលោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ និងបានបញ្ជារឲ្យកម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្ត៍នគរបាលរដ្ឋច្រាំងចំរេះទី១ ដឹកនាំដោយលោក វរសេនីយ៍ទោ ផល មេសា អធិការរងទទួលដឹកនាំបន្តស្រាវជ្រាវ សហការជាមួយសមត្ថកិច្ចស្រុក ជាមួយសមត្ថកិច្ចខេត្តកំពងចាម។

សមត្ថកិច្ចចាប់ជនសង្ស័យបាន នៅត្រង់ចំណុច ភូមិតំណាក់ជ្រៃ ភូមិពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖