ព័ត៌មានទាន់ហេតុការណ៍៖

លេចធ្លាយឧស្ម័ន​ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកក​ នៅខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលដល់មន្ត្រីអគ្គិភ័យ និងសមត្ថកិច្ច​

ចែករំលែក៖

ភ្នំពេញ៖​ រោងចក្រទឹកកក ឈាងមួមានការលេចចេញនូវឧស្ម័ន ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ផ្អើលដល់សមត្ថកិច្ចជំនាញចុះធ្វើការអន្តរាគមន៍ នៅទីតាំងដីឡូតិ៍លេខ១៦១ ស្ថិតក្នុងភូមិព្រៃសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ករណីលេចធ្លាយឧស្ម័ន​ អាម៉ូញាក់ ចេញ ពីរោងចក្រផលិតទឹកកក១កន្លែង បង្កការភ្ញាក់ផ្អើលដល់មន្ត្រីអគ្គិភ័យ, សមត្ថកិច្ច​ និងប្រជាពលរដ្ឋនៅជិតខាងនៅខណ្ឌពោធិ៍សែនជ័យរាធានីភ្នំពេញ​ ចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង​ ១០យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចរោងចក្រផលិតទឹកកក ស្ថិតក្នុងភូមិព្រៃសាលា។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឱ្យដឹងថា មុនពេលកើតហេតុ មានទីតាំងរោងចក្រធុនតូចផលិតទឹកកក១កន្លែង ដែលមានស្លាកយីហោ ឈាងមួ បានលេចធ្លាយនូវសារជាតិ អាម៉ូញាក់ សាយភាយពេញរោងចក្រផលិតទឹកកក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នារាយការណ៍ទៅមន្ត្រីជំនាញដើម្បីសុំការអន្តរាគមន៍ តែមិនទាន់ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមពលរដ្ឋដែលរស់នៅក្បែរនោះនៅឡេីយទេ។

ក្រោយទទួលដំណឹងនេះកម្លាំងមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍កាកាបទី១ មន្ត្រីក្នុងមូលដ្ឋាន រួមទាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តដែលមានកង្ហារបាញ់សារជាតិឧស្ម័ននោះ ទៅ កាន់ផ្ទៃអាកាស ដើម្បីទប់ស្កាត់ទាន់ពេលវេលា។

ក្រោយពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីជំនាញអគ្គិភ័យ និងមន្ត្រីជាប់ពាក់ព័ន្ធ ជួសជុលទីតាំងដែលលេចធ្លាយនោះទើបអាចគ្រប់គ្រងស្ថានការណ៍បានធម្មតាឡេីងវិញ៕


ចែករំលែក៖