ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា៖ សហគមន៍កសិកម្មទំនើបចំនួន១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)សរុបជាទឹកប្រាក់ជិត៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារជាជំនួយឥតសំណង និងប្រមាណ៦លានដុល្លារទៀតជាកម្ចីដើមទុនការប្រាក់ទាប។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មាន១១សហគមន៍នៃសហគមន៍ទាំង១៧នេះគឺជាសហគមន៍កសិកម្មទំនើប ក្នុងនោះខេត្តសៀមរាបមានរហូតដល់ទៅ៦សហគមន៍ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំង៨ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅក្នុងវគ្គនេះ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា សហគមន៍ទាំងនេះ គឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្មនិងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោកមួយនេះត្រូវបានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ដោយហេតុផលនេះហើយទើបក្រុមការងារសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើនល្បឿនអនុវត្តផែនការវិនិយោគនៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេលនិងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ។ សូមចូលរួមអបអរសាទរបងប្អូនសហគមន៍របស់យើងផង!
ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច