ខេត្តបាត់ដំបង៖ ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសងអាប៉ោងដែលគេចំណាំចច្បាស់សមត្ថកិច្ច ធ្លាប់ចាប់បានមុខដដែលៗចំនួន០៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនយកទៅប្រគល់ជូនតុលាការចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី២៩ មករា បន្ទាប់ពីបញ្ចប់ការសួរនាំកសាងសំណុំរឿង ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង ឲ្យដឹងថា ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសងទាំង៨នាក់នេះ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបងឆ្មក់ចូលបង្ក្រាប កាលពីរសៀលថ្ងៃទី២៧ ខែមករា នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ថែមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនផង ។
លោកស្នងការរងបានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំ លោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីជំនាញការិយាល័យរៀបចំសំណុំរឿងបញ្ជូនក្រុមអ្នកញៀនល្បែងទាំងនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី២៩ មករា នេះហើយ ។
លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានឲ្យដឹងថា ក្រុមអ្នកលេងល្បែង«អាប៉ោង»នេះ បានប្រមូលផ្ដុំគ្នាសំងំលែងនៅក្នុងផ្ទះមួយកន្លែង ដែលហ៊ុមព័ទ្ធទៅដោយរបងស័ង្កសី ។ លោកថា បើតាមការស៊ើបអង្កេតកន្លងមក ក្រុមនេះតែងប្រមូលផ្ដុំលេងល្បែងនៅក្នុងផ្ទះនោះជាញឹកញាប់ បើទោះជាកម្លាំងរបស់លោក ធ្លាប់ចុះបង្ក្រាបបាន និងអប់រំធ្វើកិច្ចសន្យាជាបន្តបន្តាប់ក្ដី ក៏ក្រុមនេះនៅតែប្រមូលផ្ដុំគ្នាបើកលេងដដែល ។
លោកអធិការក្រុងបាននិយាយថា ក្នុងកិច្ចប្រតិបត្តិការក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្តនេះ កម្លាំងរបស់លោកបានទម្លុះទ្វាររបង រួចឆ្មក់ចូលដល់ទីតាំងដែលក្រុមអ្នកល្បែងកំពុងអ៊ុតអាប៉ោងយ៉ាងសប្បាយ។
ជាក់ស្ដែង ពេលនោះកម្លាំងជំនាញឃាត់ខ្លួនមនុស្ស(អ្នកលេង)បានចំនួន០៨នាក់ និង បានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនផង ។ នៅក្នុងរបាយការណ៍ ជនប្រព្រឹត្តល្បែង «អាចោរជើង១» ដែលត្រូវឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះលី គឹមអ៊ុក អាយុ៦២ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ២-ឈ្មោះឆាត់ ខុស អាយុ៦៦ឆ្នាំនៅភូមិស្វាយធំ ឃុំអូរដំបង ស្រុកសង្កែ ៣-ឈ្មោះអឿត អុល អាយុ៤៥ឆ្នាំ នៅភូមិច្រាបក្រសាំង សង្កាត់វត្ថគរ ក្រុងបាត់ដំបង ៤-ឈ្មោះផាំង រ័ត្ន អាយុ៥២ឆ្នាំ នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ៥-ឈ្មោះខ្មៅ ម៉ែន អាយុ៣៧ឆ្នាំ នៅភូមិក្រឡាសែនជ័យ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័័យ ៦-ឈ្មោះប៊ន ប៉ោយ អាយុ៥៨ឆ្នាំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ៧-ឈ្មោះឆៃ ដារ៉ា អាយុ៥២ឆ្នាំ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (អ្នកបាញ់មេ) និង៨-ឈ្មោះកែវ រ៉ាអូន អាយុ៦៩ឆ្នាំ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង (អ្នកបាញ់មេដែរ)។
ជាមួយនឹងការឃាត់ខ្លួន បាន៨នាក់ កម្លាំងអធិការក្រុងបាត់ដំបង ក៏បានដក ហូតវត្ថុតាងបានមួយចំនួនផងដែរ រួមមាន៖ ចាន ឬសម្ភារសម្រាប់«បាញ់មេអាប៉ោង»ចំនួន០១ឈុត ឈើតូចៗចំនួន០៦កំណាត់សម្រាប់សង្កត់លុយចាក់ កុំឲ្យហើរចេញពីកម្រាល កម្រាលសម្រាប់ចាក់០១ផ្ទាំង មេអាប៉ោង៣គ្រាប់ រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
បើតាមសមត្ថកិច្ចដែលចុះបង្ក្រាបបានទម្លាយថា ក្រុមអ្នកប្រព្រឹត្តល្បែង«អាចោរជើង១» ដែលត្រូវបានឃាត់ ខ្លួននេះ គឺជាអ្នកលេងមុខដដែលៗ។ សមត្ថកិច្ចធ្លាប់ឃាត់ខ្លួនច្រើនលើកហើយ ធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឍប់ប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ។
ជាពិសេសបុរសម្នាក់ ឈ្មោះ លី គឹមអ៊ុក សមត្ថកិច្ចចុះបង្ក្រាបលើកណា កន្លែងណា ក៏បុរសម្នាក់នេះ រត់មិនដែលរួចម្ដងណាដែរ សមត្ថកិច្ចក្របួចកជាប់រហូត តែគាត់មិនរាងចាលឡើង ។ នេះជាយុទ្ធនាការបង្ក្រាបល្បែងស៊ីសងដ៏ក្ដៅគគុក គួរឲ្យកត់សម្គាល់របស់កម្លាំងអធិការក្រុងបាត់ដំបង ក្រោយពីការព្រមានត្រង់ៗរបស់លោកចៅហ្វាយខេត្តបាត់ដំបង កាលពីជាងមួយសប្ដាហ៍មុននេះ ពីការស្នើសុំដកមុខតំណែងមេៗអង្គភាព បើរកឃើញថា ក្នុងមូលដ្ឋានរបស់ខ្លួនមានបើកលេងល្បែងស៊ីសងខុសច្បាប់ ហើយមិនព្រមបង្ក្រាប ។
បន្ទាប់ពីការចង្អុលចំៗគោលដៅ ជាមួយនឹងការព្រមានខ្លាំងៗរបស់លោកចៅហ្វាយខេត្តបាត់ដំបង ដែលអាចឈានដល់ការស្នើសុំដកតំណែងមេៗក្នុងស្ថាប័នរដ្ឋ ពាក់ព័ន្ធនឹងការមិនអើពើទប់ស្កាត់ ឬបង្ក្រាបល្បែង ស៊ី សងក្នុងមូលដ្ឋាននេះ គេឃើញមានតែកម្លាំងអធិការក្រុងបាត់ដំបងមួយប៉ុណ្ណោះ ហាក់ប្រឹងប្រែងស្ទុះស្ទារចាត់វិធានការក្ដៅមុនគេ
ក្នុងការតាមបង្ក្រាបក្រុមអ្នកប្រព្រឹត្តល្បែងស៊ីងសងដែលផ្គើននឹងផែនការនេះ ដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់លោកអភិបាលខេត្ត ។
កម្លាំងអធិការក្រុងបាត់ដំបង បានធ្វើការបង្ក្រាបបានចំនួន០២ករណីជាបន្តបន្តាប់ ក្នុងរយៈពេលត្រិមប៉ុន្មានថ្ងៃនេះ និងបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន១៧នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
ដោយឡែក តាមបណ្ដាស្រុកនានា ហាក់ស្ពឹកស្រពន់ដៃជើង សំងំស្ងៀមឈឹងនៅឡើយ។ បែបទំនងក្នុងមូលដ្ឋានរបស់ខ្លួន គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសង ដូចនៅក្នុងក្រុងបាត់ដំបងទេ ?សូម្បីអ្នកចាក់កន្ទុយលេខតែម្នាក់ក៏គ្មានផងមើលទៅ បានស្ងាត់ដូចចោរលួចសេះបែបនេះ ?៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច