ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ករណីយកដើមអាកាស្យា វាយរថយន្តរបស់គេបណ្ដាលឲ្យខូចខាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷បុរសម្នាក់តូចចិត្តខឹងនឹងគេមើលងាយ ព្រមទាំងជេរប្រមាថដល់ម្តាយរបស់ខ្លួន​ បានយកដំបងឈើដើមអាកាស្យាវាយទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលឲ្យបែកកាងខាងលើគូថក្រោយ​ ចុងក្រោយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ ព័ន្ធករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា។

ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២២ និង ៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។‎ 

មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានធ្វើ សកម្មភាពយកដំបងឈើដើមអាកាស្យាវាយទៅលើរថយន្តរបស់ជនរងគ្រោះមួយគ្រឿងម៉ាក COROLA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2C-4852 បណ្តាលឲ្យបែកកាងខាងលើគូថក្រោយ។ មូលហេតុដោយសារ ខឹងនឹងជនរងគ្រោះ មើលងាយ ជេរប្រមាថ និងជេរម្តាយរបស់ខ្លួន។

ជនរងគ្រោះឈ្មោះ ម៉ុក ភ័ស្ស ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។ ចំណែកជន សង្ស័យឈ្មោះ នៅ មណ្ឌល ហៅ ចឺម ភេទ ប្រុស អាយុ៣៦ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំ ជាមួយគ្នា។  

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែក៖